ភ្នំពេញ៖ បើកយោងតាមប្រភព : Wonders of the Mekong បានបញ្ជាក់អោយដឹងថា, រូបភាពទាំងនេះ គឺ «ត្រីបណ្តូលអំពៅលឿង» ប្រមូលផ្តុំគ្នាចូលទៅក្នុងថង់ប្លាស្ទិក កែវប្លាស្ទិក ដែលអណ្តែតក្នុងទឹកទន្លេសាបដែលក្រុមការងារគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ ប្រមូលបានពីឧករណ៍នេសាទត្រីឧស្សាហកម្ម «ដាយត្រី»។ សំណល់ប្លាស្ទិក កែវ ដប កំប៉ុងជ័រ។ល។ នៅក្នុងទឹកទន្លេ ហាក់កំពុងក្លាយទៅជាជម្រកលាក់ខ្លួនរបស់ពពួក «ត្រីបណ្តូលអំពៅលឿង» ទាំងនេះ ដើម្បីគេចចេញពីសត្រូវនានា ឬអាចចូលដើម្បីរកចំណី។
លោកថាច់ ផាណារ៉ា ប្រធានមន្ទីរពិសោធន៍ នៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល បានឲ្យដឹងថា, បើតាមការសង្កេតរបស់លោកកន្លងមកនៅតាមគន្លងដាយ លោកតែងតែឃើញត្រីបណ្តូលអំពៅនេះ ចូលទៅក្នុងថង់ប្លាស្ទិក និងរបស់ផ្សេងៗ។ «ខ្ញុំតែងតែឃើញត្រីបណ្តូលអំពៅ ចូលទៅក្នុងថង់ប្លាស្ទិក កែវកាហ្វេ សម្បកកំប៉ុង និងដបជាដើម។ ពួកវាចូលក្នុងរបស់ទាំងនោះជាហ្វូង»។
ទោះយ៉ាងណា លោកផាណារ៉ា មិនហ៊ានសន្និដ្ឋានថាយ៉ាងណាទេ ចំពោះហ្វូងត្រីដែលចូលទៅក្នុងថង់ប្លាស្ទិកនេះ។ លោកបានលើកឡើងបន្ថែមទៀតថា៖ «ខ្ញុំមិនហ៊ានសន្និដ្ឋានថាយ៉ាងម៉េចទេ ល្គឹកណាពុំទាន់មានការសិក្សាស្រាវជ្រាវត្រឹមត្រូវ។ បើតាមលក្ខណៈជីវសាស្រ្តនៃត្រីបណ្តូលអំពៅនេះ វាគឺជាប្រភេទត្រីរកស៊ីស្រទាប់លើនៃផ្ទៃទឹក។ អាចថាដោយសារកង្វះទីជម្រក វាក៏ចូលទៅលាក់ខ្លួនក្នុងកាកសំណល់ប្លាស្ទិក ដែលហូរតាមទឹកនោះទៅ ដើម្បីគេចចេញពីសត្រូវ ឬចូលដើម្បីស៊ីចំណី ដែលតោងជាប់នឹងរបស់ទាំងនោះក៏មិនដឹង»។
សំណល់ប្លាស្ទិកទាំងឡាយ គឺជាសំណល់ដែលមិនងាយរលាយ ដែលជាកត្តាគំរាមកំហែងចម្បងដល់បរិស្ថានទឹកទន្លេ។ លោកផាណារ៉ា ក៏ធ្វើការអំពាវនាវដល់អ្នករស់នៅតាមដងទន្លេទាំងអស់ សូមទុកដាក់កាកសំណល់ប្លាស្ទិកឲ្យបានត្រឹមត្រូវ កុំបោះចោលតាមទីសាធារណៈ ឬ បោះចូលក្នុងទឹកទន្លេ។
សូមចូលរួមថែរក្សាសុខមាលភាពទន្លេមេគង្គទាំងអស់គ្នា។ សុខមាលភាពទន្លេមេគង្គ សុខមាលភាពប្រទេសកម្ពុជា៕
ដោយ៖ សិលា