ភ្នំពេញ៖ បើយោងទៅតាមអង្គភាព នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់ឲ្យដឹងថា, នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃសុក្រទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារសកម្មភាពអនុវត្តបន្ត សម្រាប់ក្រុមការងារតាមដានបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម និងសារព័ត៌មាន (Media and Social Network) ផ្សេងៗដែលពាក់ព័ន្ធនឹងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ក្នុងការឆ្លើយតប និងដោះស្រាយចំពោះមតិមហាជនដែលបានលើកឡើង ឬចូលបញ្ចេញមតិនៅក្នុងទំព័របណ្តាញទំនាក់ទំនងហ្វេសប៊ុកផេកផ្លូវការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពី អនុប្រធានក្រុមការងារ សមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំនាពេលនោះ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានមានមតិស្វាគមន៍ចំពោះសមាជិកក្រុមការងារទាំងអស់ ដែលបានចូលរួមនៅក្នុងអង្គប្រជុំនាពេលនេះ។ ក្នុងនោះផងដែរ លោក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរបស់ក្រុមការងារ ដែលពាក់ព័ន្ធទៅនឹងការឆ្លើយតបរាល់មតិយោបល់ សំណើ និងក្តីកង្វល់របស់ប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរនាពេលកន្លងមក។
ជាចុងបញ្ចប់លោក ហ៊ុយ វណ្ណៈ ក៏បានស្នើដល់សមាជិកក្រុមការងារទាំងអស់ធ្វើរបាយការណ៍សកម្មភាពការងារ ទាំងការពិនិត្យមើលមតិយោបល់ និងការរិះគន់នានាជាសាធារណៈក្នុងទំព័រទំនាក់ទំនងហ្វេសប៊ុក (Facebook) របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងរាយការណ៍នូវរាល់ដំណោះស្រាយរួច ដើម្បីធ្វើសេចក្តីរាយការណ៍គោរពជូនសម្តេចក្រឡាហោម ស ខេង ជ្រាបដ៏ខ្ពង់ខ្ពស់ សម្រាប់ប្រចាំត្រីមាសផងដែរ។
សូមបញ្ជាក់ថា ក្រុមការងារនេះ មានភារកិច្ចតាមដាន និងជួយស្រាវជ្រាវទំព័របណ្តាញសង្គមហ្វេសប៊ុក Facebook របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងមានតួនាទីដើម្បីឆ្លើយតបតាមជំនាញនីមួយៗ ស្របតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ចំពោះមតិមហាជនដែលបង្ហោះចូលក្នុងទំព័រ Facebook សម្តេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងវិស័យសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ហើយក្រុមការងារនេះដែរ ក៏មានភារកិច្ចតាមដានការផ្សព្វផ្សាយ និងឆ្លើយតបឱ្យបានទាន់ពេលវេលាលើប្រព័ន្ធទំនាក់ទំនងបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃផងដែរ៕
ដោយ៖ សិលា