ព័ត៌មានទាន់ហេតុការណ៍៖

អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាបនឹងសាងសង់រួចរាល់ពាក់កណ្តាលខែមីនា ឆ្នាំ២០២៣

ចែករំលែក៖

ខេត្តសៀមរាប៖ បើយោងតាមរដ្ឋបាលសាលាខេត្តបានបញ្ជាក់ឲ្យដឹងថា, នៅចុងសប្តាហ៍ព្រឹកថ្ងៃ សៅរិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានដឹកនាំក្រុមការងារទស្សនកិច្ចស្វែងយល់ អំពីវឌ្ឍនភាពនៃការដ្ឋានសំណង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជានិងចិន ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ដែលមានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និង ប្រហែលជា៤០គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលសាងសង់ដោយក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) ឯ.ក (AIAI)។

អ្នកជំនាញនៃក្រុមការងារចិន ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឲ្យដឹងថា តាមផែនការសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់គម្រោងទាំងមូលគ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧% ដែលនៅក្នុងនោះ ការសាងសង់ស្ថានីយ៍អ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន៧៨% ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន៤៥% និង សំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយាដ្ឋានគ្រោងនឹងសម្រេចឲ្យបាន៥០%។

ម្យ៉ាងទៀត តាមផែនការឆ្នាំ២០២១ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាសង់ឲ្យបាន៦៧% និងបញ្ចប់ការសាងសង់ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ខាងមុខ។

ការឲ្យដឹងយ៉ាងដូច្នេះ អ្នកជំនាញចិនរូបនោះ បានឧទ្ទេសនាមជូនប្រតិភូរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំដោយលោក អភិបាលខេត្តផ្ទាល់ នៅក្នុងបទបង្ហាញនោះដែរ បានរំលឹកឲ្យដឹងដែរថា ការដ្ឋានសាងសង់ស្ថានីយ៍អ្នកដំណើរដែលចាប់ផ្តើមដំណើរការនាពាក់កណ្តាលខែមីនា មកដល់ចុងឆ្នាំ២០២០ គឺសម្រេចបាន១៥% ជាមួយនេះសំណង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាន នាពាក់កណ្តាលខែតុលា មកដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០%។

ក្នុងនោះដែរក៏ធានាបានថា ការហោះហើរនិងចុះចត មិនមានផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាសយានដ្ឋាន ចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ ម៉្យាងទៀត ការសាងសង់អាកាសយានដ្ឋាននេះ ក៏រក្សានូវបរិស្ថានធម្មជាតិទៀតផង ។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាបនេះ គ្រោងនឹងបញ្ចប់ ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេសនិងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ គឺមានរយៈពេលសរុប៣៦ខែ បើគិតចាប់ពីថ្ងៃបើកការដ្ឋាន ពាក់កណ្តាលខែមិនា ឆ្នាំ២០២០។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង ៣ពាន់៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ចំណតយន្តហោះ និង មានក្រឡាផ្ទៃស្ថានីយ៍អ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង៧លាននាក់ ។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោមកិច្ចព្រមព្រៀង BOT រយៈពេល៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនោះអ្នកជំនាញក៏បានសំណូមពរដល់រដ្ឋបាលខេត្ត ក្នុងកិច្ចសហការជា មួយក្រុមហ៊ុន ក្នុងការជួយសម្រួលនូវបណ្តាញចរន្តអគ្គិសនី ដើមី្បបំពេញតម្រូវការក្នុងការប្រើបាស់ឲ្យបានគ្រប់គ្រាន់ នៅក្នុងបរិវេណអាកាសយានដ្ឋាននៅពេលបើកដាក់ឲ្យដំណើរការហោះហើរ និង តភ្ជាប់បណ្តាញទឹកស្អាត ដើមី្បផ្គត់ផ្គង់ប្រើ ប្រាស់នៅអាកាសយានដ្ឋាននេះ និង តភ្ជាប់ប្រព័ន្ធ អ៊ិនធើណែត ព្រមទាំងសុំជួយធ្វើការសម្របសម្រួលការធ្វើបណ្ណ័កម្មសិទ្ធដីផ្លូវចូលមកព្រលាន ដើមី្បធ្វើរបងការពារសុវត្ថិភាពទៀតផង។

លោក ទៀ សីហា ការសាងសង់អាកាសយានដ្ឋាននេះ គឺជាការរួមចំណែកសម្រាប់អនាគតថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់ រវាងកម្ពុជានិងចិន ហើយក៏ជាសក្ខីភាពមួយដែរ បញ្ជាក់អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មនៃប្រទេសទាំងពីរ ជម្រុញកិច្ចដំណើរការគម្រោងខ្សែក្រវាត់មួយផ្លូវមួយ ជាមួយនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះដែរលោកអភិបាលខេត្ត ក៏បានលើក ផងដែរថា រដ្ឋបាលខេត្តត្រៀមលក្ខណៈក្នុងការសម្របសម្រួល និង កិច្ចសហប្រតិបត្តិការ ទៅតាមរាល់សំណូមពររបស់ក្រុមហ៊ុន ដែលបានលើកឡើង។

លោកក៏បានបញ្ជាក់ផងដែរថា រាល់សំណូមពរនេះដែរ ក៏យើងទាមទាឲ្យមន្ទីរ អង្គភាពជំនាញ ចុះមកធ្វើការសិក្សាជាមុន ដើមី្បក្នុងការធានាឲ្យបានទៅតម្រូវការចាំបាច់ ប្រើប្រាស់នៅក្នុងអាកាសយានដ្ឋាន និង ធ្វើការជម្រុញដល់គណៈកម្មការ និង មន្ទីរជំនាញ ចុះធ្វើការពិនិត្យ និង កំណត់ព្រំដីឲ្យបានច្បាស់លាស់ជាមុនផងដែរ៕

ដោយ៖ សិលា


ចែករំលែក៖