ថ្ងៃនេះយើងមកតាមដានរឿងខ្លីតែបែបអប់រំមួយទៀតដែលមានដំណងជើងថា ៖ “បុរសអ្នកកាប់អុស” ។
មានតំណាលមកថា កាលពីព្រេងនាយមានអ្នកកាប់អុសដ៏ខ្លាំងខ្លាម្នាក់ បានសុំការងារនៅកន្លែងលក់ឈើមួយកន្លែង ហើយគាត់ក៏ទទួលបានការងារនោះ។ ប្រាក់ខែដែលបុរសអ្នកកាប់អុសនោះទទួលបាន គឺសមទៅនឹងល័ក្ខខ័ណ្ឌការងារ។ ដោយសារតែហេតុនោះហើយទើបបានជាអ្នកកាប់អុសប្តេជ្ញាចិត្តធ្វើវាបានល្អ។
សកម្មភាពនេះបានត្រូវឲ្យថៅកែរបស់គាត់ប្រគល់ពូថៅដ៏មុតមួយទៅគាត់ ហើយបង្ហាញទីតាំងដែលគាត់ត្រូវទៅកាប់អុស។
ថ្ងៃដំបូង បុរសអ្នកកាប់អុសកាប់បាន ១៨ ដើម។
«ពិតជាល្អខ្លាំងណាស់!» ថៅកែលាន់មាត់សរសើរគាត់, «ខំប្រឹងបន្តទៀត!» ពាក្យសំដីសរសើររបស់ថៅកែជាការ ជំរុញលើកទឹកចិត្តដ៏ខ្លាំងមួយ។ ថ្ងៃបន្ទាប់បុរសអ្នកកាប់អុសបានខិតខំប្រឹងជាខ្លាំង ប៉ុន្តែគាត់កាប់បានត្រឹមតែ ១៥ដើមតែប៉ុណ្ណោះ។ ថ្ងៃបន្ទាប់ទៀត បុរសខំប្រឹងកាន់តែខ្លាំងថែមទៀត ប៉ុន្តែគាត់អាចកាប់បានត្រឹមតែ ១០ ដើមទេ។ ថ្ងៃបន្ទាប់ៗទៀតគាត់កាប់បានកាន់តែតិចទៅៗ បើទោះបីជាគាត់ខំប្រឹងខ្លាំងណាក៏ដោយ។
គាត់និយាយក្នុងចិត្តតែម្នាក់ឯងថា៖ «ខ្ញុំប្រហែលចុះខ្សោយកម្លាំងហើយមើលទៅ»។ គាត់ក៏បានទៅជួបថៅកែរបស់គាត់ ហើយនិយាយសុំទោស។ គាត់មិនដឹងថាមកពីមូលហេតុអ្វីនោះទេ បានជាមិនអាចកាប់បានច្រើន បើទោះបីជាគាត់ខំប្រឹងខ្លាំងយ៉ាងណាក៏ដោយ។
«តើអ្នកសំលៀងពូថៅរបស់អ្នកចុងក្រោយនៅពេលណា?» ថៅកែសួរទៅកាន់គាត់។
«សំលៀង? ខ្ញុំគ្មានពេលក្នុងការសំលៀងពូថៅរបស់ខ្ញុំទេ។ ខ្ញុំរវល់តែខំប្រឹងកាប់ឈើ»។
រឿងនេះបានបង្កប់ន័យអប់រំជីវិតរបស់យើងក៏ដូច្នេះដែរ។ ពេលខ្លះយើងរវល់ខ្លាំង ដែលមិនអាចពួកយើងមានពេលដើម្បីរីករាយ។ នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ វាហាក់ដូចជាមនុស្សគ្រប់គ្នាកាន់តែរវល់ឡើងៗ ប៉ុន្តែភាពរីករាយកាន់តែតិចទៅៗ។
តើមកពីហេតុអ្វី? តើអាចមកពីពួកយើងភ្លេចរស់នៅជាមួយនឹងភាពរីករាយ? វាមិនទាស់ខុសនោះទេដែលមនុស្សម្នាក់ៗមមាញឹក និងខិតខំធ្វើការងារ។ ក៏ប៉ុន្តែពួកយើងគួរតែកុំរវល់ដល់ថ្នាក់មិនអើពើចំពោះ ភាពសំខាន់ដ៏ពិតប្រាកដនៅក្នុងជីវិត ដូចជាជីវិតរបស់យើងផ្ទាល់ ការចំណាយពេលវេលានៅជិតស្និទ្ធជាមួយនឹងឪពុកម្តាយ ផ្តល់ពេលវេលាឲ្យបានច្រើនជាមួយក្រុមគ្រួសារ ឬចំណាយពេលវេលារៀនអ្វីៗដែលថ្មីជាដើម។
យើងទាំងអស់គ្នាត្រូវការពេលវេលាដើម្បីបន្ធូរអារម្មណ៍, ដើម្បីគិត និងពិចារណា, ដើម្បីរៀន និងពង្រីក។ ប្រសិនបើអ្នកមិនចំណាយពេល ដើម្បីសំលៀងពូថៅរបស់អ្នកឲ្យមុតនោះទេ ពូថៅនឹងរិលបន្តិចម្តងៗរហូតបាត់បង់ប្រសិទ្ធភាព។ ចំណែកជីវិតមនុស្សយើងក៏អ៊ីចឹងដែរគឺកាន់តែអស់ន័យបន្តិចម្តងៗនោះឯង៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ ចៅតាជេត