បណ្តាញទូរទស្សន៍ជាតិមីយ៉ាន់ម៉ាស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធា បានចេញសេចក្តីប្រកាសថា មហាជនប្រទេសនេះមិនអាចទទួលយកនូវសកម្មភាពបំពានច្បាប់ ហើយអ្នកដែលបំពាន ត្រូវរារាំងនិងដកចេញ។
សារព័ត៌មានរ៉យទ័របានដកស្រង់ ព័ត៌មានពីបណ្តាញទូរទស្សន៍ MRTV បានផ្សាយថា ការព្រមានខាងលើកើតឡើងក្នុងពេលដែលពលរដ្ឋមីយ៉ាន់ម៉ានាំគ្នាធ្វើបាតុកម្មប្រឆាំងការធ្វើរដ្ឋប្រហារយោធា ។ នេះជាថ្ងៃទី៣ហើយដែលពលរដ្ឋនាំគ្នាធ្វើបាតុកម្មក្រោយទាហានធ្វើរដ្ឋប្រហារកាលពីថ្ងៃទី១ខែកុម្ភៈ ហើយចាប់ខ្លួនមន្ត្រីជាច្រើន ក្នុងនោះមានលោកស្រី អោងសាន ស៊ូជី និងប្រធានាធិបតីផងដែរ។
នៅក្នុងខ្លឹមសារលិខិតព្រមានបានបញ្ជាក់ថា ពលរដ្ឋដែលមានសកម្មភាពបង្កអសន្តិសុខក្នុងសង្គម ប៉ះពាល់ដល់សុវត្ថិភាពពលរដ្ឋ …នឹងត្រូវប្រឈមមុខចំពោះច្បាប់។ បណ្តាញទូរទស្សន៍ MRTV បានផ្សាយថា«យើងនិងពលរដ្ឋមីយ៉ាន់ម៉ាផ្តោតសំខាន់ទៅលើយុត្តិធម៌ សេរីភាព តម្លាភាព សន្តិភាព និងសុវត្ថិភាព ។ យើងមិនអាចទទួលយកនូវសកម្មភាពល្មើសច្បាប់ យើងនឹងមានវិធានការទប់ស្កាត់ ដាក់ទោសតាមច្បាប់។
ការដង្ហែក្បួនបាតុកម្ម ក្នុងរយៈពេល ៣ថ្ងៃកន្លងមក គឺជាបាតុកម្មទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០០៧មក។ នៅពេលនោះ ព្រះសង្ឃមីយ៉ាន់ម៉ា បានដង្ហែក្បួនបាតុកម្ម ទាមទារឱ្យមានការកែទម្រង់ប្រជាធិបតេយ្យ។
មកទល់ពេលនេះបាតុកម្មនៅមីយ៉ាន់ម៉ា ធ្វើឡើងដោយសន្តិភាព នៅឡើយទេ បើទោះបីមានសំឡេងផ្ទុះកាំភ្លើង និងការបាញ់ទឹកបំបែកហ្វូងបាតុករក្តី ។ កម្លាំងប៉ូលិសក្នុងរដ្ឋធានីណៃពិដោ បានព្រមានដល់ក្រុមបាតុករឲ្យបំបែកហ្វូង បើមិនដូច្នោះទេនឹងត្រូវប្រើកម្លាំងដើម្បីបំបែក៕ ដោយ៖ធី រីណា
រូបភាព៖ Reuters