ប្រទេសភូមា៖ មេដឹកនាំយោធាមីយ៉ាន់ម៉ា នឹងរៀបចំការបោះឆ្នោតជាថ្មីឡើងវិញ ក្រោយពីពលរដ្ឋមីយ៉ាន់ម៉ានាំគ្នា ធ្វើបាតុកម្មកាន់តែកើនឡើង ហើយសហគមន៍អន្តរជាតិក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរដល់ការធ្វើរដ្ឋប្រហារនិងការចាប់ខ្លួន ថ្នាក់ដឹកនាំដែលពលរដ្ឋបោះឆ្នោតគាំទ្រ។
អគ្គមេបញ្ចាការកងទ័ពមីយ៉ាន់ម៉ា ឧត្តមសេនីយ៍Min Aung Hlaing បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា «កម្លាំងទាហាននឹងបង្កើតឲ្យមានប្រជាធិបតេយ្យពិតប្រាកដ មានការទទួលខុសត្រូវខ្ពស់ ខុសពីរដ្ឋាភិបាលនាពេលកន្លងមក។ គណៈកម្មាធិការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា បានយកហេតុផលនៃការឆ្លងរាលដាលកូវីដ-១៩ ដើម្បីរារាំងការឃោសនាបោះឆ្នោត ដោយមានតម្លាភាព។ បញ្ហាទាំងឡាយត្រូវតែកែទម្រង់ ។ យើងនឹងមានការបោះឆ្នោត ដោយមានគណបក្សជាច្រើនចូលរួម ហើយកម្លាំងទាហាននឹងផ្តល់អំណាចទៅឲ្យគណបក្សដែលទទួលបានជ័យជម្នះ»។
សារព័ត៌មានរ៉យទ័របានផ្សាយថា ការប្រកាសដោយបើកចំហក្រោយការធ្វើរដ្ឋប្រហារ គឺក្នុងពេលដែលបាតុកម្មនៅក្នុងប្រទេសនេះកើនកម្តៅកាន់តែខ្លាំងឡើង ហើយពលរដ្ឋចូលរួមកាន់តែច្រើន។
នៅក្នុងព្រឹត្តិការណ៍ពាក់ព័ន្ធនោះដែរ សមាជិកជាន់ខ្ពស់នៃគណបក្ស សម្ព័ន្ធមិត្តដើម្បីប្រជាធិបតេយ្យ (NLD) កាលពីថ្ងៃទី៨ខែកុម្ភៈ បានផ្ញើលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកAntonio Guterres អំពាវនាវដល់អង្គការសហប្រជាជាតិ ប្រើគ្រប់វិធានការច្បាប់ដើម្បីប្រែក្រឡាស់ការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ការប្រកាសរបស់ថ្នាក់ដឹកនាំយោធាស្តីពីការបោះឆ្នោតឡើងវិញនេះ គឺមិនទាន់កំណត់ថាពេលវេលាណានោះឡើយ ។ កន្លងមក មេដឹកនាំយោធាបានប្រកាសថា ការរៀបចំបោះឆ្នោត គឺក្រោយច្បាប់អាជ្ញាសឹកបានបញ្ចប់ក្នុងរយៈពេល១ឆ្នាំ ទើបរៀបចំការបោះឆ្នោតឡើងវិញ៕ដោយ៖ធី រីណា