ព័ត៌មានទាន់ហេតុការណ៍៖

អាផ្ញាធរក្រុងហាណូយ បានចេញវិធានការពិន័យតឹងរឹង ចំពោះអ្នករំលោភនីតិវិធី កូវីដ-១៩ អាចប្រឈមនឹងការជាប់ពន្ធនាគារ ១២ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ឲ្យដឹងថា, យោងព័ត៌មានចុះផ្សាយថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងកាសែត Vietnam News ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម សូមជម្រាបជូននិស្សិត សិក្ខាកាម យោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសទីក្រុងហាណូយ “មេត្តាជ្រាបថា៖ អាជ្ញាធរក្រុងហាណូយបានចេញវិធានការណ៍ពិន័យតឹងរឹង ចំពោះអ្នករំលោភនីតិវិធី Covid-19 ដែលមានខ្លឹមសារដូចតទៅ៖

– អ្នករំលោភវិធានការពារ Covid-19 អាចប្រឈមនឹងការជាប់ទោសពន្ធធនាគារ ១២ ឆ្នាំ

– អ្នកមិនធ្វើសេចក្តីប្រកាសសុខភាព ឬធ្វើប្រកាសសុខភាពក្លែងក្លាយ ឬមិនប្រកាស ពីស្ថានភាពសុខភាព របស់ខ្លួនដោយពេញលេញនឹងត្រូវពិន័យរហូតដល់ ១០០ លានដុង (៤៣៥០ ដុល្លារ)
– អ្នកមិនពាក់ម៉ាស់នៅទីសាធារណៈ, លើមធ្យោបាយដឹកជញ្ជូនសាធារណៈ ឬមិនរក្សាគម្លាតដើម្បីការពារ ការឆ្លង នឹងត្រូវពិន័យ ៣ លានដុង (១៣០$)

– អ្នកបោះចោលម៉ាស់មិនត្រឹមត្រូវនឹងពិន័យ ពី ៥ ទៅ ៧ លានដុង (២១៧$- ៣០៥$)
– អ្នកឆ្លងជំងឺCovid-19 ឬដឹងថាមានអ្នកឆ្លងតែលាក់មិនរាយការណ៍នឹងត្រូវពិន័យ ២០ លានដុង
– អ្នកខកខានមិនអនុវត្តបទបញ្ជាស្តីពីការស៊ើបអង្កេត, ការត្រួតពិនិត្យ និងការព្យាបាលតាមវេជ្ជសាស្ត្រ នៅមុនចូល និងចេញពីទីតាំងផ្ទះ Covid-19 នឹងត្រូវពិន័យ ៣០ លានដុង

– អ្នករត់ចេញពីកន្លែងចត្តាឡីស័ក និងខកខានមិនអនុវត្តតាមវិធានចត្តាឡីស័កនឹងត្រូវពិន័យរហូត ដល់២០ លានដុង ឬនឹងមានវិធានការណ៍តាមមាត្រា២៤០ នៃក្រមព្រហ្មទណ្ឌ ប្រសិនបានចម្លង មេរោគទៅជនដទៃ។

សេចក្តីដូចបានជម្រាបជូន សូមនិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរដែល មានវត្តមានក្នុងវៀតណាម ពិសេសនៅទីក្រុងហាណូយមេត្តាជ្រាបជាព័ត៌មាន។

ឆ្លៀតឱកាសនេះ ស្ថានទូតសូមជូនពរដល់បណ្តានិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូន ប្រជាពលរដ្ឋខ្មែរមានវត្តមានក្នុងវៀតណាម ក្នុងឱកាសគ្រឹះស្ថានសិក្សាឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណី វៀតណាម សូមទទួលបានការសប្បាយរីករាយ សុខភាពល្អ រក្សាសាមគ្គីភាព ជួយគ្នាទៅវិញទៅមក និង ជាពិសេសមេត្តាបន្តយកចិត្តទុកដាក់ថែរក្សា និងការពារសុខភាពឲ្យបានហ្មត់ចត់។

ក្នុងករណីបន្ទាន់ សូមទំនាក់ទំនងផ្នែកកុងស៊ុល +៨៤ ៩៦ ៥៧៥៦៥៧២៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖