ព័ត៌មានទាន់ហេតុការណ៍៖

ខឹងគោចូលមកសុីស្រូវនៅស្រែ តព្រីភ្លើងឆក់សត្វគោចៃដន្យមនុស្សដើរទាក់ដួលឆក់សន្លប់ធំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីតភ្ជាប់ព្រីភ្លើងចេញពីផ្ទះដើម្បីឲ្យឆក់សត្វគោក្របីដែលចូលមកសុីស្រូវនៅស្រែរបស់ខ្លួនដែលនៅជាប់ផ្លូវ ប៉ុន្តែចៃដន្យស្ត្រីរងគ្រោះដើរទាក់ខ្សែលួសបណ្ដាលឲ្យឆក់ដួលសន្លប់បង្កការភ្ញាក់ផ្អើលតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២១ នៅចំណុចភូមិព្រៃជ័រ ឃុំម្រាម ស្រុករមាសហែកខេត្តស្វាយរៀង។

សមត្ថកិច្ចស្រុករមាសហែកបានអោយដឹងថាជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ស្ដើង សឿង អាយុ៥៦ឆ្នាំមុខរបរកសិកររស់នៅភូមិព្រៃជ័រ ឃុំម្រាមស្រុករមាសហែក។

ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ពេញ អិត អាយុ៤៥ឆ្នាំមុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នា។
បើតាមស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថាមុនកើតហេតុគាត់បានវិលត្រលប់មកពីបូមទឹកដាក់ក្នុងស្រែខាងជើងផ្ទះខណះនោះស្រាប់តែបានដើរទាក់ខ្សែលួសបណ្ដាលឲ្យឆក់ដួលសន្លប់ត្រូវបានក្រុមគ្រួសារដឹកមកសំរាកព្យាបាលនៅមណ្ឌលសុខភាពម្រាម ។

រីឯជនសង្ស័យបានសារភាពថាខ្លួនបានរាយខ្សែលួសអែបចិញ្ចើមថ្នល់ដោយតភ្ជាប់ព្រីភ្លើងចេញពីផ្ទះដើម្បីឲ្យឆក់សត្វគោក្របីដែលចូលមកសុីស្រូវនៅស្រែរបស់ខ្លួនទើបមានបញ្ហាខាងលើកើតឡើងតែម្ដង។

ក្រោយមកជនសង្ស័យត្រូវបានសមត្ថកិច្ចនាំមកសាកសួរនៅប៉ុស្តិ៍រដ្ឋបាលឃុំនិងបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលស្រុករមាសហែកដើម្បីចាត់ការបន្តតាមច្បាប់៕


ចែករំលែក៖