ព័ត៌មានទាន់ហេតុការណ៍៖

រឿងនិទានខ្លីបែបអប់រំ ៖ រឿង“ឆ្កែល្ងង់ និងដុំមាស”

ចែករំលែក៖

ថ្ងៃនេះយើងមកតាមដានរឿងខ្លីតាមបែបអប់រំមួយទៀតដែលមានចំណងជើងថា ៖ “ឆ្កែល្ងង់ និងដុំមាស” ។
មានរឿងតំណាលថា
មានឆ្កែអនាថាមួយក្បាល ដើរត្រាច់ចរគ្រប់ទីកន្លែងដើម្បីរកចំណីព្រោះវាគ្មានម្ចាស់ចិញ្ចឹមដូចឆ្កែដទៃ ។ វាក៏ប្រទះនឹងគំនរឆ្អឹងមនុស្សមួយគំនរ ទើបវាខំកកាយគំនរឆ្អឹងនោះក្រែងមានអាហារអ្វី ។ ក្រោយពេលកកាយគំនរឆ្អឹងមួយសន្ទុះមក វាប្រទះដុំមាសមួយដុំ ។
ដោយក្ដីលោភលន់ ឆ្កែដឹងថាមាសជាវត្ថុមានតម្លៃ ហើយអាចយកទៅទិញអាហារបានយ៉ាងច្រើនសន្ធឹកសន្ធាប់ ទើបឆ្កែនៅចាំយាមមាសដុំនោះ មិនព្រមចាកចេញទៅណាទៀតឡើយ ។ វាចាំដុំមាសដោយមិនបានចេញទៅរកអាហាររហូតទាល់តែដាច់ពោះស្លាប់ក្បែរដុំមាសនោះទៅ ។

ត្មាតឃើញហេតុការណ៍ដូចនេះ ក៏ហើរមករកខ្មោចឆ្កែដើម្បីចឹងស៊ីបណ្តើរ និងពោលបណ្ដើរថា ៖ ” ឲ្យឆ្កែដ៏ល្ងង់ខ្លៅអើយ មិនគួរណាមកសម្លាប់ខ្លួនជាមួយរបស់គ្មានតម្លៃដល់ខ្លួនសោះ ។ ”
បានស្តាប់រឿងនេះគឺចង់បញ្ជាក់ថា វត្ថុខ្លះមានសម្រាប់ប្រយោជន៍សម្រាប់តែមនុស្សមួយចំនួនប៉ុណ្ណោះ ៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត


ចែករំលែក៖