ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី: វ៉ាក់សាំង SARS-Cov-2 ដែលផលិតដោយក្រុមហ៊ុន China National Pharmaceutical Group Co. Ltd. (SINOPHARM) នៃសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ភ្នំពេញ,លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈឆ្នាំ ២០២១ បានមានប្រសាសន៍ថា, វ៉ាក់សាំង SARS-Cov-2 ដែលផលិតដោយក្រុមហ៊ុន China National Pharmaceutical Group Co. Ltd. (SINOPHARM) នៃសាធារណរដ្ឋប្រជាមានិតចិន គឺជាប្រភេទវ៉ាក់សាំងដែលផលិតចេញពីគម្រូវីរុសដែលខ្សោយ និងដកចេញសារធាតុបង្កររោគ ដែលត្រូវចាក់ចូលក្នុងខ្លួនដើម្បីឱ្យប្រព័ន្ធភាពស៊ាំអាចបង្កើតអង្គបដិបក្ខដើម្បីប្រឆាំងមេរោគ។ លោកបានថ្លែងបន្តថា, មកដល់ពេលនេះ វ៉ាក់សាំងប្រភេទនេះត្រូវបានធ្វើតេស្តិ៍សាកល្បងចប់ដំណាក់កាលទី៣ ដែលត្រូវបានធ្វើលើអ្នកស្ម័គ្រចិត្តចំនួន ៦០.០០០ នាក់ មានសញ្ជាតិ១២៥ផ្សេងគ្នា។ គិតមកត្រឹមថ្ងៃនេះ វ៉ាក់សាំងរបស់ SINOPHARM ត្រូវបានទីភ្នាក់ងារវេជ្ជសាស្រ្ត និងឱសថជាតិរបស់ចិន អនុញ្ញាតឱ្យប្រើប្រាស់ក្រោមលក្ខខ័ណ្ឌហើយ។

បើទោះជាមានអ្នកខ្លះ នៅព្រឹកនេះ មិនទាន់មានលក្ខខណ្ឌគ្រប់គ្រាន់ក្នុងការទទួលបានការអនុញ្ញាតឲ្យចាក់ក៏ដោយ ថ្នាក់ដឹកនាំមួយចំនួនរបស់យើង បានក្លាយជាអ្នកស្ម័គ្រចិត្តដំបូងដែលទទួលវ៉ាក់សាំងនេះ។ ការទទួលវ៉ាក់សាំងនេះ គឺជាការបញ្ជាក់ពីប្រសិទ្ធភាព និងជំនឿជាក់លើវ៉ាក់សាំងរបស់មិត្តចិនដែលត្រូវបានស្រាវជ្រាវ ផលិត និងធ្វើតេស្តិ៍ប្រកបលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាផលិតផលអាចចរាចរបាន។

លោក ហ៊ុនម៉ានី បានលើកឡើងថា, ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា ជំនួយរបស់សាធារណរដ្ឋប្រជាមានិតគឺជាសក្ខីភាព នៃចំណងមិត្តភាពយូរអង្វែង និងស៊ីជម្រៅលើសពីកម្រិតយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ យើងសូមស្វាគមន៍ និងអបអរសាទរសមិទ្ធផលនៃទំនាក់ទំនងស្អិតរមួតរវាងប្រទេសយើងទាំង២ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសណ្តានចិត្ត និងបេះដូងមនុស្សធម៌របស់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចំពោះការបរិច្ចាគ និងចែករំលែកនូវទំនិញយុទ្ធសាស្រ្តដ៏មានសារៈសំខាន់ដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា៕


ចែករំលែក៖