ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំដាច់ហ្វ្រ័ងបុករះរថយន្តម៉ូតូជាច្រើនគ្រឿង រងការខូចខាតយ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែរថយន្តដាច់ហ្វ្រ័ងខណៈបើកមកដល់ភ្លើងស្តុបបានបង្កជាគ្រោះថ្នាក់ចរាចរណ៍បុករះរថយន្តនិងម៉ូតូជាច្រើនគ្រឿងរងការខូចខាតយ៉ាងខ្លាំង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ត្រង់ចំណុចភ្លើងស្តុបសែនសុខ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ឡំប្រឺតាមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀតបានបើកបរនៅតាមបណ្ដោយផ្លូវហាណូយក្នងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ភ្លើងស្តុបសែនសុខ រថយន្ត ឡំប្រឺតានិងម៉ូតូមួយគ្រឿងទៀតក៏បានឈប់ ស្របពេលកំពុងឈប់ស្រាប់តែមានរថយន្តធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ3A-3121 ធ្វើដំណើរតាមបណ្ដោយផ្លូវហាណូយក្នុងទិសដៅស្របគ្នាជាមួយនឹងរថយន្តម៉ូតូខាងមុខ ហើយដោយសារតែដាច់ហ្វ្រ័ងជាន់មិនស៊ី ទើបបង្កជាករណីគ្រោះថ្នាក់ចរាចរណ៍បុករះរថយន្តនិងម៉ូតូដែលកំពុងតែឈប់ភ្លើងស្តុបនៅខាងមុខពេញទំហឹង បណ្ដាលឱ្យរងខូចខាតយ៉ាងខ្លាំង តែមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់ចំណុចទីតាំងកើតហេតុរួចធ្វើការដោះស្រាយរវាងភាគីទាំងសងខាងដោយរថយន្តធុនធំចេញថ្លៃជួសជុលដល់រថយន្តនិងម៉ូតូដែលខូចខាតដើម្បីបញ្ចប់រឿងនៅទីតាំងកើតហេតុ៕

ដោយ៖រ៉ារ៉ា


ចែករំលែក៖