ភ្នំពេញ៖ បុរសជាជនជាតិចិនម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តទើបសម្រេចចិត្តលោតពីលើស្ពានអាកាសថ្មើរជើងបណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងរន្ធត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ស្ថិតនៅមុខផ្សារជម្ពូវ័ន តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញបុរសជនជាតិចិនខាងលើអាយុប្រហែលជាង៣០ឆ្នាំមានស្លៀកខោជើងខ្លី ពាក់អាវយឺតដៃខ្លីពណ៍ទឹកសមុទ្រ បានរត់ឡើងលើស្ពានអាកាសថ្មើរជើងនិងឡើងលើបង្កាន់ដៃក្នុងបំណងលោតសម្លាប់ខ្លួន ពេលនោះមានអ្នកឃើញហេតុការណ៍បានព្យាយាមរត់ទៅជួយដែរតែមិនទាន់ស្រាប់តែលោតមកខាងក្រោមបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងកន្លែងកើតហេតុរួចរាយការទៅជំនាញកោសល្យវិច័យចុះពិនិត្យជាក់ស្តែង រួចទើបដឹកសពយកទៅតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីរងចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ