ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លោះជាមួយប្រពន្ធដុតផ្ទះចោលបណ្ដាលឲ្យស្លាប់ខ្លួនឯងរីឯផ្ទះខូចខាតទាំងស្រុង

ចែករំលែក៖

ខេត្តកណ្ដាល ៖ បុរសជាអ្នកញៀនស្រាម្នាក់ ខណៈស្រវឹងស្រាបានឈ្លោះទាស់ទែងជាមួយប្រពន្ធ ឈានដល់ដុតផ្ទះចោល បណ្ដាលឲ្យស្លាប់ក្នុងភ្នក់ភ្លើង រីឯផ្ទះត្រូវរងការខូចខាតទាំងស្រុង ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៩នឹង០៥នាទី ស្ថិតនៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅខេត្តកណ្តាល។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ ស៊ុម ចំរើន ហៅតយ ភេទប្រុស អាយុ៤១ឆ្នាំ​ (ស្លាប់ក្នុងភ្នក់ភ្លើង) ។ ចំណែកប្រពន្ធឈ្មោះ មីន ស្រីនី។ ដោយឡែកសម្ភារខូចខាត៖ ផ្ទះ០១ខ្នងធ្វើពីឈើប្រក់សង្កសីទំហំ ៧ម៉ែត្រ×១០ម៉ែត្រ(ឆេះទាំងស្រុង), គ្រែ០៣ ពូក០២, ទូរទស្សន៍១គ្រឿង,​សម្លៀកបំពាក់ សម្ភារហូបចុកនឹងសម្ភារផ្សេងៗមួយចំនួនទៀត។
ប្រភពដដែលបន្តថា កន្លងមក​ ជនរងគ្រោះតែងផឹកស្រាស្រវឹងជាប្រចាំ ហើយស្រវឹងម្ដងៗតែងរករឿងប្រពន្ធនិងរកដុតផ្ទះជាញយៗ លុះមកដល់ថ្ងៃខែឆ្នាំកើតហេតុ ជនរងគ្រោះជាប្តីបានផឹកស្រាស្រវឹង ហើយទាស់ទែងជាមួយប្រពន្ធ ខណៈប្រពន្ធចេញក្រៅផ្ទះ ភ្លាមនោះជនរងគ្រោះក៏បានខ្ទាស់គន្លឹះទ្វារខាងក្នុង ហើយស្រាប់តែមានហេតុការណ៍ឆេះពីខាងក្នុងតែម្តង។ភ្លាមៗនោះក៏ផ្អើលឆោឡោប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្រុងតាខ្មៅ​និងរាយការណ៍បន្តទៅនគរបាលពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចុះមកអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភយ័របស់ស្នងការដ្ឋានខេត្តកណ្តាលចំនួន០៥ គ្រឿងតែប្រើប្រាស់ទឹកអស់ទឹក០២គ្រឿងទើបរលត់ជាស្ថាពរនៅវេលាម៉ោង៩នឹង៤០នាទី។ចំណែកជនរងគ្រោះស្លាប់បាត់បង់ជីវិតក្នុងភ្នក់ភ្លើងតែម្ដង៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖