ក្រុម Bayern Munich បានចុះហត្ថលេខាទិញយកខ្សែការពារកណ្តាលDayot Upamecano របស់ក្រុម RB Leipzig ដោយកីឡាករសញ្ជាតិបារាំងរូបនេះនឹងចូលរួមជាមួយក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់នៅថ្ងៃទី ១ ខែកក្កដាខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ។
ក្លិប RB Leipzig បានអះអាងថា ក្រុម Bayern Munich បានចំណាយលើការទិញកីឡាករ Upamecano ដែលមានតម្លៃស្មើនឹង៤២.៥ លានអឺរ៉ូ(៣៨លានផោន) ។ Upamecano មានវ័យ២២ឆ្នាំបានយល់ព្រមលើកិច្ចព្រមព្រៀង៥ឆ្នាំជាមួយ Bayern Munich។
លោក Hasan Salihamidzic នាយកកីឡារបស់ក្រុម Bayern Munichបានមានប្រសាសន៍ថា“ យើងជឿជាក់ថា Dayot Upamecanoនឹងក្លាយជាសមាជិកដ៏សំខាន់របស់ក្រុមរបស់យើងនាពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ចំណែកនាយកប្រតិបត្តិក្លិប Bayern Munich លោក Oliver Mintzlaffបាននិយាយថា ក្លិបចង់រក្សា Upamecano ប៉ុន្តែកីឡាកររូបនេះចង់បានការប្រកួតប្រជែងថ្មីនិងបោះជំហានទៅមុខ។ លោកអះអាងថា Upamecanoបានបង្ហាញពីការអភិវឌ្ឍលេចធ្លោក្នុងអំឡុងពេលលេងនៅលើទីលានដែលជាគំរូសម្រាប់ក្រុមរបស់យើងក្នុងការស្វែងរកទេពកោសល្យសម្រាប់កីឡាករវ័យក្មេង និងការនាំពួកគេឈានដល់កម្រិតកំពូល ។
កីឡាករ Upamecano ដែលធ្លាប់មានទំនាក់ទំនងជាមួយក្លិប Manchester United, Chelsea និង Liverpool បានលេងឲ្យក្រុម Leipzig ៤ឆ្នាំកន្លះនិងលេងបាន១៣៩ប្រកួត។
សូមបញ្ជាក់ថា ក្រុម Bayern Munich ជាម្ចាស់ជើងឯកអឺរ៉ុប និង Club World Cup មួយនេះមានបច្ចុប្បន្ន៤ពិន្ទុដាច់លើក្រុមលេខ២ Leipzig ក្នុងក្របខ័ណ្ឌ Bundesliga ។ ចំណែក Leipzig នឹងត្រូវជួប Liverpool នៅ Champions League វគ្គ១៦ ក្រុមចុងក្រោយដោយការប្រកួតជើងទី១ធ្វើឡើងនៅទីក្រុង Budapest នៅថ្ងៃអង្គារ ៕ដោយ៖ភារៈ