ភ្នំពេញ៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃចន្ទ ៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យការងារទូទៅនៃដំណើរការប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Port EDI) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីជំនាញបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យមើលរបាយការណ៍វឌ្ឍនភាពនៃការរៀបចំគម្រោងដំណើរការប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ ក្រោមកិច្ចសហការប្រកបយ៉ាងជិតស្និទ្ធរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ក៏ដូចជាដើម្បីជំរុញលើកទឹកចិត្តឱ្យក្រុមការងារជំនាញពាក់ព័ន្ធទាំងអស់ខិតខំប្រឹងបំពេញការងាររបស់ខ្លួនឱ្យទទួលបានលទ្ធផលផ្លែផ្កាតាមការគ្រោងទុក។
សូមជម្រាបជូនថា៖ បច្ចុប្បន្ននេះក្រសួងកំពុងរៀបចំបង្កើតប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិចនៅកំពង់ផែ (Electronic Data Interchange) ដែលនឹងជួយសម្រួលដល់នីតិវិធីផ្លូវការនៃកប៉ាល់ចេញ-ចូលកំពង់ផែកម្ពុជាក្នុងគោលបំណងពន្លឿននីតិវិធី និងកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ។
លោករដ្ឋលេខាធិការរូបនេះ បានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវគោលនយោបាយបដិវត្តន៍ឧស្សាហកម្មបច្ចេកវិទ្យា៤.០ របស់រាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន និងបានគូសបញ្ជាក់ថា៖ ឧត្ដមភាពនៃការប្រកួតប្រជែងនៅក្នុងវិស័យដឹកជញ្ជូន និងភ័ស្តុភារកម្ម មិនមែនអាស្រ័យតែទៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែដ៏ល្អប្រសើរតែមួយមុខប៉ុណ្ណោះទេ ក៏ប៉ុន្តែវាក៏អាស្រ័យទៅលើប្រព័ន្ធគ្រប់គ្រងតាមប្រព័ន្ធឌីជីថលផងដែរ។
ជាមួយគ្នានេះផងដែរ លោក រស់ វណ្ណា បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចាប់ពីពេលនេះតទៅត្រូវខិតខំប្រឹងប្រែងបំពេញការងារធ្វើយ៉ាងណាឱ្យប្រព័ន្ធនេះអាចដំណើរការបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ដើម្បីកម្ពុជាអាចដើរតាមទាន់សកលភាវូបនីយកម្មពិភពលោក និងសម្រេចបាននូវសេចក្តីប្រាថ្នាប្រកបដោយឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាលទោះបីមានបញ្ហាប្រឈមយ៉ាងណាក៏ដោយ។
លើសពីនេះទៀត រដ្ឋលេខាធិការរូបនេះ បានផ្តាំផ្ញើរផងដែរថា៖ នៅពេលដាក់ឲ្យដំណើរការប្រព័ន្ធនេះត្រូវជំរុញលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ប្រព័ន្ធ ជាពិសេសសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសិក្សាស្វែងយល់ប្រព័ន្ធនេះឲ្យបានស៊ីជម្រៅដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ និងចៀសវាងនូវភាពមិនច្បាស់លាស់ធានាដល់ការគ្រប់គ្រងការប្រមូលចំណូលជាតិប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងជាប្រយោជន៍ជូនសង្គមជាតិផងដែរ។
ជាទីបញ្ចប់ លោក រស់ វណ្ណា បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា៖កម្ពុជានឹងទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីប្រព័ន្ធនេះ ហើយមានជំនឿថា៖គ្រប់ភាគីពាក់ព័ន្ធទាំងអស់នឹងចូលរួមទាំងអស់គ្នា ដើម្បីឲ្យប្រព័ន្ធនេះដំណើរការស្របតាមនិយាមអន្តរជាតិ អាចធ្វើឲ្យអតិថិជនសប្បាយចិត្ត និងជាមុខមាត់របស់ជាតិផងដែរ៕ដោយ៖សហការី