ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកចុងចិត្តអប្រិយចាប់រំលោភកូនដើមរបស់ប្រពន្ធជាច្រើនដងនិងគំរាមបង្ហោះសកម្មភាពរួមភេទ ទើបបែកធ្លាយត្រូវនគរបាលចាប់វាយខ្នោះ

ចែករំលែក៖

ខេត្តកណ្តាល៖ ឪពុកចុងចិត្តអប្រិយបានចាប់រំលោភកូនដើមរបស់ប្រពន្ធជាច្រើនដង និងគំរាមបង្ហោះសកម្មភាពរួមភេទទើបបែកធ្លាយត្រូវនគរបាលចាប់វាយខ្នោះតែម្តង ។

ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល និងពេលកើតហេតុចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ រហូតដល់ ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២០នៅចំណុចក្នុងបន្ទប់ផ្ទះជនរងគ្រោះ ក្នុងភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះត្រូវជាកូនដើម អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានម្តាយបង្កើតឈ្មោះ ច.រ ស.ស អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ(លែងលះប្តីមុនមកយកប្តីក្រោយ)។

ចំណែកជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ ទេព តុលា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលក្រុងតាខ្មៅបានឱ្យដឹងថា មុនពេលកើតហេតុ ឪពុកម្តាយជនរងគ្រោះ ដោយសារតែរស់នៅមិនចុះសម្រុងនឹងគ្នា ក៏បានលែងលះគ្នា៤ឆ្នាំមកហើយ ដោយមានកូនចំនួន៣នាក់ ប្រុស១ ស្រី២ (ជនរងគ្រោះជាកូនទី១)។
លុះមកដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ម្តាយជនរងគ្រោះក៏បានរៀបការប្តីមួយទៀតឈ្មោះទេព តុលា ហើយបន្ទាប់ពីជនរងគ្រោះបានចូលរួមផឹកស៊ីស្រវឹងដេកលក់រហូតដល់ពាក់កណ្តាលយប់ ឪពុកចុងក៏បានឡើងទៅចាប់រំលោភនាងរហូតបានសម្រេចម្តង។
ក្រោយមកនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ដដែលម្តាយនិងឪពុកចុង ក៏បាននាំជនរងគ្រោះទៅធ្វើពិធីកាត់ចំណងដៃនៅខេត្តស្វាយរៀង ហើយឪពុកចុងក៏បានចាប់នាងរំលោភបានសម្រេចម្តងទៀត។
លុះក្រោយមកទៀតក៏បានចាប់រំលោភនៅលើផ្ទះនៅពេលដាច់ភ្លើងបានសម្រេចជាលើកទី៣ ហើយបានថតវីដេអូទុកមើលទៀតផង។

លុះក្រោយមកទៀតជនសង្ស័យបានសុំរួមភេទបន្តទៀត តែជនរងគ្រោះមិនព្រម ពេលនោះជនសង្ស័យក៏បានយកវីដេអូ មកគំរាម បើមិនព្រមទេនឹងយកវីដេអូនោះបង្ហោះតាមហ្វេសប៊ុកឱ្យគេដឹង ទើបជនរងគ្រោះបានយល់ព្រមរួមភេទជាមួយជនសង្ស័យជាបន្តបន្ទាប់បានសម្រេច៨ដង។

រហូតមកដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ដោយទ្រាំលែងបាននឹងទង្វើរបស់ឪពុកចុងដែលតែងតែចាប់បង្ខំរួមភេទនាងនោះ នាងក៏បានរៀបរាប់ប្រាប់ម្តាយ តែម្តាយគ្រាន់ស្តីបន្ទោសឱ្យឪពុកចុងបីបួនមាត់តែប៉ុណ្ណោះ ទើបជនរងគ្រោះខឹងក៏បានឈប់រៀនហើយរត់ទៅរស់នៅជាមួយម្តាយមីងប្រកបរបរស៊ីឈ្នួលលាងចានឱ្យគេនៅខេត្តព្រៃវែង ។

បន្ទាប់ពីទទួលបានដំណឹងថាជនរងគ្រោះឈប់រៀន ឪពុកបង្កើតក៏បានហៅជនរងគ្រោះឱ្យទៅរស់នៅជាមួយគាត់នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ហើយប្រាប់ជនរងគ្រោះឱ្យទៅយកខោអាវនៅផ្ទះមករស់នៅជាមួយ។

លុះមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ជនរងគ្រោះក៏បានត្រឡប់ចូលផ្ទះដើម្បីរៀបចំខោអាវទៅរស់នៅជាមួយឪពុកបង្កើតវិញ ក៏បានជួបជាមួយជនសង្ស័យជាឪពុកចុង ពេលនោះក៏បានឈ្លោះប្រកែកគ្នា ហើយជនសង្ស័យក៏បានវាយធ្វើបាបនាង ទើបនាងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្វាយរលំ ឱ្យសមត្ថកិច្ចចុះមកឃាត់ខ្លួនជនសង្ស័យចាត់ការតាមនីតិវិធីតែម្តង។

តាមការសាកសួរជនសង្ស័យបានឆ្លើយថាខ្លួនពិតជាបានរួមភេទជាមួយជនរងគ្រោះបានសម្រេចជាច្រើនដងប្រាកដមែន តែ មិនបានចាប់រំលោភនោះទេគឺដោយសារការព្រមព្រៀងត្រូវរ៉ូវគ្នា។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ ឆ ដា


ចែករំលែក៖