ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលការពារព្រំដែនទឹក ខេត្តព្រះសីហនុ ចុះអនុវត្តន៍វិធានការ ត្រួតពិនិត្យប្រជាពលរដ្ឋពលករចំណាកស្រុកចេញចូលពីបណ្ដាប្រទេសជិតខាងធ្វើចត្តាឡីសក័ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ ដោយ​អនុវត្តន៍តាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ចំពោះវិធានការ បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍ នៅព្រឹកថ្ងៃ១៧កុម្ភៈ២០២១ លោកឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៍ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន​ អគ្គស្នងការនគរបាលជាតិ និងប្រតិភូអមអំណើរ បានអញ្ជើញចុះពង្រឹងកងកម្លាំងនគរបាល អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រនិងអង្គភាពវរៈសេនាតូចលេខ២៤០ នគរបាលការពារព្រំដែនទឹក ដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុ ដើម្បីអនុវត្តន៍វិធានការ ត្រួតពិនិត្យចរាចរណ៍ចេញចូលរបស់ ប្រជាពលរដ្ឋ ពលករចំណាកស្រុក ពីបណ្តាប្រទេសជិតខាង សម្រាប់នាំយកទៅធ្វើចត្តាឡីសក័ ទប់ស្កាត់ និងបង្ការជំងឺកូវីដ១៩ ។

នាឱកាសនោះ​ លោកឧត្តមសេនីយ៍ឯកតេង សួន មានប្រសាសន៍ដាក់ចេញនូវបទបញ្ជាមួយចំនួនរួមមាន៖
ទី១- កម្លាំងនគរបាលអង្គភាពបង្ក្រាបបទល្មើសនិងនគរបាលព្រំដែនទឹកវរៈសេនាតូចលេខ២៤០ ត្រូវចុះល្បាតជាប្រចាំ តាមច្រកផ្លូវសមុទ្រ ដើម្បីត្រួតពិនិត្យចរាចរាចរណ៍ចេញ ចូល របស់ពលរដ្ឋ អ្នកដំណើរឬពលករឆ្លងដែន ដើម្បីអនុវត្តន៍វិធានការធ្វើចត្តាឡីសក័ តាមបច្ចេសទេសរបស់ក្រសួងសុខាភិបាល។

ទី២-កងកម្លាំងទាំងអស់ត្រូវត្រៀម ឧបករណ៍ សម្ភារៈ មធ្យោបាយបំពាក់ សម្រាប់កិច្ចប្រតិបត្តិការនេះ និងរួមសហការជាមួយកម្លាំងរួមរបស់គណបញ្ជាការឯកភាពរដ្ឋខេត្តដែលអង្គភាពឈរជើង ដើម្បីធានាថា ការត្រួតពិនិត្យមិនមានចន្លោះប្រហោង។

ទី៣-កងកម្លាំងនគរបាលទាំងអស់ ត្រូវការពារប្រុងប្រយត្ន័ខ្លួនឯងផងដែរ ចំពោះវិធានការ ការពារជំងឺកូវីដ១៩ ទាំងពេលចេញប្រតិបត្តិការ ទាំងពេលប្រចាំការក្នុងអង្គភាព។

ទី៤-ចំពោះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កងកម្លាំងនគរបាល នឹងធ្វើឡើងនៅពេលឆាប់ៗនេះ។

ជាក់ស្ដែង​ជុំវិញប្រតិបត្តិការនេះ ក្រៅពីឧបត្ថម្ភថវិកាមួយចំនួនដល់អង្គភាពនគរបាលទាំង២ លោកឧត្តមសេនីយ៍ឯក តេង សួន ក្នុងនាមនាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេត សាវឿន​ អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាហ្មឺងម៉ាត់ ឲ្យកងកម្លាំងនគរបាល អនុវត្តន៍ត្រឹមត្រូវ នូវតួនាទីភារកិច្ច និងមិនលើកលែងដាច់ខាត ចំពោះកងកម្លាំងរូបណាដែលប្រព្រឹត្តផ្ទុយនឹងបទបញ្ជា។

សូមបញ្ជាក់ថា ក្រៅតែពីការចុះពង្រឹងកងកម្លាំងនគរបាល អង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រនិងអង្គភាពវរៈសេនាតូចលេខ២៤០ នគរបាលការពារព្រំដែនទឹក ក្នុងខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ឯក តេង សួន អគ្គស្នងការរងនគរបាលជាតិ នឹងអញ្ជើញចុះពង្រឹងកងនគរបាលការពារព្រំដែន ទាំងព្រំដែនគោកនិងព្រំដែនទឹក ក្នុងភូមិភាគ៣ ជាបន្តបន្ទាប់ ដើម្បីអនុវត្តន៍វិធានការ បង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា ៕

ដោយ​៖សហការី​


ចែករំលែក៖