ភ្នំពេញ៖ រថយន្តម៉ាកឡិចស៊ីសRX.៣០០មួយគ្រឿងបានបើកបោះពួយក្នុងល្បឿនលឿនរួចជ្រុលទៅបុកពីក្រោយរថយន្តឡិចស៊ីRX.៤០០hដែលកំពុងតែបត់ត្រឡប់ក្រោយ ហើយក៏បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឱ្យបាក់ខ្ទេច១កង់ជាប់ទៅមុខលែងរួច ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ១និង២០នាទីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ៥៩៨ កែងផ្លូវបេតុងក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។
រថយន្តម៉ាកឡិចស៊ីស RX300ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AK-3654 បេីកដោយឈ្មោះ ធៀង សិរីបុត្រ អាយុ២៩ឆ្នាំ មុខរបរវិស្វករ ស្នាក់នៅភូមិ៤ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែករថយន្តមួយគ្រឿងទៀតម៉ាកឡិចសុីសRX 400h ពាក់ស្លាកលេខភ្នំពេញ 2BC-7560 បើកបរដោយឈ្មោះរ៉ុង មករា អាយុ៣៥ឆ្នាំ មុខរបរមន្ត្រីក្រសួងសេដ្ឋកិច្ច រស់នៅភូមិព្រែកតាជ្រូកឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកឡិចស៊ីសRX.៣០០ ពណ៌សមួយគ្រឿង បានធ្វើដំណើរតាមផ្លូវលេខ៥៩៨ ក្នុងទិសដៅពីជើងទៅត្បូងដោយល្បឿនលឿន ។នៅពេលមកដល់ចំណុចកើតហេតុក៏បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាកឡិចស៊ីស RX.៤០០h ពណ៌ស ដែលបើកក្នុងទិសដៅពីត្បូងទៅជើងហើយបត់ត្រឡប់ក្រោយវិញ ។
តាមសាក្សីបានឱ្យដឹងទៀតថា បន្ទាប់ពីកើតមានគ្រោះថ្នាក់ រថយន្តម៉ាកឡិចស៊ីស RX.៣០០ ក៏បានជ្រុលចង្កូតទៅឆ្វេងដៃ បុករបាំងថ្មខណ្ឌចែកទ្រូងផ្លូវបណ្តាលឱ្យបាក់មួយកង់ខ្ទាតចេញ ហើយរថយន្តបុកជាប់នឹងរបាំងថ្មមួយកង់ទៀតបណ្តាលឱ្យខ្ទេចមុខ បែកកង់បាក់យ៉ាន់ទៅមុខលែង រួច។គ្រោះថ្នាក់នេះពុំបណ្តាលឱ្យមនុស្ស រងរបួសឡើយ។
បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍នេះ នគរបាលមូលដ្ឋានក៏បានទាក់ទងទៅនគរបាលចរាចរណ៍ចុះទៅស្ទួចរថយន្តនេះយកទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីដោះស្រាយសងការខូចខូចទ្រព្យសម្បត្តិសាធារណៈ ៕
ដោយ៖អរុណរះ