ព័ត៌មានទាន់ហេតុការណ៍៖

អនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ តាមរយៈអនុក្រិត្យ ស្តីពី វិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ គឺការធ្វើចត្តាឡីស័ក ត្រូវអនុវត្តចំពោះរាល់ពលរដ្ឋខ្មែរ និងជនបរទេស ដែលធ្វើដំណើរពីបរទេសចូលមក ក្នុងព្រះរាជាណាចក្រកម្ពុជាតាមគ្រប់មធ្យោបាយ និងបុគ្គលដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកជំងឺកូវីដ-១៩ ឬជាមួយអ្នកដែលសង្ស័យថាមានផ្ទុកមេរោគកូវីដ-១៩។

សម្រាប់ពលរដ្ឋខ្មែរ និងជនបរទេសដែលធ្វើដំណើរពីបរទេសចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ការធ្វើ ចត្តាឡីស័កត្រូវធ្វើនៅក្នុងមណ្ឌលចត្តាឡីស័កណាមួយដែលកំណត់ដោយក្រសួងសុខាភិបាល ឬទីកន្លែងណាមួយ ផ្សេងទៀតតាមការកំណត់របស់ក្រសួងសុខាភិបាល ឬដោយរដ្ឋបាលថ្នាក់ក្រោមជាតិដែលមានសមត្ថកិច្ច។

សម្រាប់បុគ្គលដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ឬជាមួយអ្នក ដែលសង្ស័យថាមានផ្ទុកមេរោគកូវីដ-១៩ ការធ្វើចត្តាឡីស័កអាចធ្វើនៅមណ្ឌលចត្តាឡីស័កណាមួយ ឬនៅ លំនៅឋានផ្ទាល់ខ្លួនរបស់បុគ្គលនោះ ឬទីកន្លែងណាមួយផ្សេងទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល ឬ រដ្ឋបាលថ្នាក់ក្រោមជាតិដែលមានសមត្ថកិច្ច ដោយផ្អែកលើស្ថានភាពបុគ្គល ស្ថានភាពគ្រួសារ និងស្ថានភាព លំនៅឋានរបស់បុគ្គលដែលត្រូវធ្វើចត្តាឡីស័កនោះ។
រយៈពេលនៃការធ្វើចត្តាឡីស័ក ត្រូវកំណត់ដោយក្រសួងសុខាភិបាល។
ក្នុងការធ្វើចត្តាឡីស័ក បុគ្គលដែលធ្វើចត្តាឡីស័ក ត្រូវអនុវត្តកាតព្វកិច្ច ដូចខាងក្រោម៖ ១- អនុវត្តឱ្យបានត្រឹមត្រូវតាមវិធានការសុខាភិបាលដែលកំណត់ដោយក្រសួងសុខាភិបាល ២- មិនត្រូវចាកចេញពីទីកន្លែងធ្វើចត្តាឡីស័ក ដោយគ្មានការអនុញ្ញាតពីមន្ត្រីចត្តាឡីស័ក។
សូមអានទាំងស្រុងនូវអនុក្រឹត្យស្ដីពី វិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕

ដោយ៖ សិលា


ចែករំលែក៖