ខេត្តកំពង់ធំ៖ ក្នុងគោលដៅរៀបចំនិងដាក់ចេញនូវខ្សែសៀគ្វីទស្សនារមណីយដ្ឋានសំបូរព្រៃគុក អាជ្ញាធរជាតិសំបូរព្រៃគុកបានរៀបចំកម្មវិធីកិច្ចពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការរៀបចំខ្សែសៀគ្វីទេសចរណ៍រយ:ពេល៣ថ្ងៃ និងបានអញ្ជើញមន្រ្តីបុគ្គលិកជំនាញផ្នែករៀបចំខ្សែសៀគ្វីទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាចូលរួមដើម្បីចែករំលែកបទពិសោធន៍ការងាររៀបចំខ្សែសៀគ្វីទេសចរណ៍ក្នុងរមណីយដ្ឋានអង្គរកន្លងមក។
ជាលទ្ធផលនៃកិច្ចពិភាក្សាររវាងមន្រ្តីបុគ្គលិកជំនាញទាំងពីរស្ថាប័នដែលបំពេញការងារក្នុងចក្ខុវិស័យរួមគឺ ការអភិរក្សនិងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោក គំនិតរៀបចំខ្សែសៀគ្វីទស្សនាក្រុមប្រាសាទក្នុងរមណីយដ្ឋានសំបូរព្រៃគុកចំនួន៦ត្រូវបានដាក់ចេញដើម្បីបន្តការសិក្សាស៊ីជម្រៅដែលក្នុងនោះមាន៖
១. សិក្សារៀបចំទិសដៅទស្សនាដោយកំណត់ច្រកចេញចូលច្បាស់លាស់សម្រាប់ក្រុមប្រាសាទធំៗចំនួន៣គឺ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទតោ និងក្រុមប្រាសាទសំបូរ។
២. សិក្សាដាក់ចេញនូវខ្សែទស្សនាដែលភ្ជាប់ក្រុមប្រាសាទធំៗទាំងបីគឺ ក្រុមប្រាសាទយាយព័ន្ធ ក្រុមប្រាសាទតោ និងក្រុមប្រាសាទសំបូរ ជាមួយនឹងប្រាសាទដើមចាន់ ប្រាសាទអាស្រមមហាឫស្សី និងប្រាសាទជ្រៃ ដោយមានជម្រើសរយៈពេលទស្សនាផ្សេងៗគ្នា(សៀគ្វីរយៈពេលវែង មធ្យម និងខ្លី)។
៣. សិក្សាដាក់ចេញនូវខ្សែសៀគ្វីកង់ និងរទេះគោ ដែលអាចមានជម្រើសខ្សែវែង និងខ្សែខ្លី ក្រោមចំណងជើង «ទស្សនារមណីយដ្ឋានសំបូរព្រៃគុកដោយជិះកង់ ឬរទេះគោ»។
៤. សិក្សាដាក់ចេញនូវខ្សែសៀគ្វីរយៈពេល១ថ្ងៃពេញដើម្បីលើកតម្លៃប្រាសាទតូចៗមួយចំនួន រួមទាំងក្រុងបុរាណ «ឦសានបុរ» ដោយភ្ជាប់ជាមួយក្រុមប្រាសាទធំៗទាំង៣។
៥. សិក្សាស៊ីជម្រៅបន្ថែមដើម្បីដាក់ចេញនូវខ្សែទស្សនាក្រោមប្រធានបទពិសេស « ស្វែងយល់ពីចម្លាក់លើប្រាសាទឥដ្ឋ» ដែលភ្ញៀវទេសចរអាចទទួលបានព័ត៌មានលម្អិតពីចម្លាក់ «ប្រាសាទអណ្តែត» និងចម្លាក់« មេដៃយ៉ុង» ព្រមទាំង«រចនាសម្ព័ន្ធប្រាសាទឥដ្ឋរាង៨ជ្រុង» ដែលទាំងនេះជាតម្លៃលេចធ្លោជាសកល (outstanding universal value) របស់រមណីយដ្ឋានសំបូរព្រៃគុកបេតិកភណ្ឌពិភពលោក។
៦. សិក្សារៀបចំខ្សែសៀគ្វីសម្រាប់ទេសចរបែបសមាធិ ដោយក្នុងនោះអាចកំណត់យកប្រាសាទត្រពាំងរពាក់ ឬប្រាសាទគក់ទ្រូងជាទីតាំងបញ្ចប់ខ្សែទស្សនា និងស្នើឱ្យទេសចរអាចធ្វើសមាធិក្នុងឥរិយាបទនិងកាយវិការស្ងប់ស្ងាត់នៅទីនោះបាន។
គំនិតជំហានដំបូងទាំង៦ខាងលើនេះនឹងត្រូវសិក្សាស៊ីជម្រៅលម្អិតបន្ថែមរួមគ្នាបន្តទៀតរវាងមន្រ្តីបុគ្គលិកជំនាញនៃអាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក៕
ដោយ៖សូ រិយា