ព័ត៌មានទាន់ហេតុការណ៍៖

កងកំលាំងវិស្វកម្ម ២០៤នាក់ចេញទៅបំពេញបេសកកម្មការងារនៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល

ចែករំលែក៖

ភ្នំពេញ៖ កងកម្លាំងវិស្វកម្មលេខ៥៧៦ ចំនួន២០៤នាក់ ក្នុងនោះមានស្ត្រី១៥នាក់ ដែលជាកងកម្លាំងប្តូរវេន នៅព្រលប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញទៅបំពេញបេសកកម្មមនុស្សធម៌ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្រោមឆត្រអង្គការសហប្រជាជាតិ។

កងកម្លាំងវិស្វកម្មលេខ៥៧៦ ចំនួន២០៤នាក់ នៃមជ្ឈមណ្ឌលជាតិសម្រាប់កងកម្លាំងរក្សាសន្តិភាព និងបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ (ទាហានមួកខៀវ) បានចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ១១៖៤៥នាទីយប់នេះ។

ក្រោមអធិបតីភាពនាយឧត្តមសេនីយ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាក សំណល់សង្គ្រាម តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបតិ្តការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិសម្រប សម្រួលបញ្ជូនកងកម្លាំងថែរក្សាសន្តិភាព។ 

ការបញ្ជូនកម្លាំងថែរក្សាសន្តិភាពប្តូរវេន នៃកងកម្លាំងវិស្វកម្មលេខ៥៧៦នេះ គឺត្រូវបន្តសាងសង់សំណង់ផ្តេក សំណង់បញ្ឈរជាច្រើន នៅក្នុងតំបន់បេសកកម្មដែលបានកំណត់ដោយអង្គការសហ ប្រជាជាតិ។នៅពេលកងកម្លាំងវិស្វកម្មលេខ៥៧៦ បញ្ជូនទៅដល់តំបន់បេសកកម្មនៅសាធារណរដ្ឋអាហ្វ្រឹកកណ្តាលរួចហើយ កងកម្លាំងវិស្វកម្មលេខ៤៩៥ ចំនួន២០៤នាក់ ក្នុងនោះមានស្ត្រី១០រូប ដែលបានបញ្ចប់ការងារបំពេញ បេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ចំនួន១ឆ្នាំរួចហើយនេះ នឹងត្រឡប់មកដល់មាតុភូមិកម្ពុជាវិញ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០២០ ហើយនឹងត្រូវដាក់ឱ្យធ្វើចត្តាឡីស័កស្នាក់នៅដាច់ ដោយឡែក ចំនួន១៤ថ្ងៃមុន និងអនុញ្ញាតឱ្យទៅជួបគ្រួសារ ។ សម្រាប់កងកម្លាំងវិស្វកម្មលេខ៤៩៥ ចំនួន២០៤នាក់ ក្នុងនោះមានស្ត្រី១០រូប ដែលបានបញ្ចប់ការងារបំពេញ បេសកកម្ម និងបានធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល លទ្ធផលមានសុខភាពល្អទាំងអស់គ្នា មិនមានអ្នកឆ្លងជំងឺកូវីដ-១៩ ទេ។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ មកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំង សរុបចំនួន៧,៥១៧នាក់ហើយ ក្នុងនោះមានស្រ្តីចំនួន ៤៦៦នាក់ ទៅចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ ខណៈបច្ចុប្បន្នកម្ពុជា មានកម្លាំងចំនួនប្រមាណជិត ១០០០ នាក់ ដែលកំពុងបំពេញបេសក កម្មនៅប្រទេសចំនួន៥ រួមមាន ៖ ប្រទសស៊ូដង់, សាធារណរដ្ធស៊ូដង់ខាងត្បូង, អាហ្វ្រិកកណ្តាល, លីបង់ និងម៉ាលី។

តាមរយៈកិច្ចការងាររបស់កងកម្លាំងមួកខៀវកម្ពុជា ដែលចូលរួមបំពេញបេសកកម្មមនុស្សធម៌ទាំងអស់នេះ បានធ្វើឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេក្នុងតំបន់អាស៊ាន៕

ដោយ៖សូ រិយា


ចែករំលែក៖