ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុនសែន សូមធ្វើការអំពាវនាវ ឱ្យប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ មានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះវិធានការ ការពារសុខភាព បើមិនចាំបាច់ មិនត្រូវចេញទៅណា ឬចេញពីលំនៅដ្ឋាន។ សម្ដេចបានថ្លែងបែបនេះតាមរយៈសារពិសេសជូនទៅកាន់ជនរួមជាតិនៅទូទាំងប្រទេស នាព្រឹកថ្ងៃទី ២០ខែកុម្ភៈឆ្នាំ២០២១។
សម្ដេចបានថ្លែងបន្តថា, ដំបូងផ្ដើមចេញពីក្លឹប N8 និងកន្លែងដែលត្រូវបានបិទមួយចំនួន ប៉ុន្តែយើងពុំបានដឹងថា ពួកគេបានចេញទៅកន្លែងណាផ្សេងទៀត ដូច្នេះទុកឲ្យសមត្ថកិច្ចអាជ្ញាធរ ស្រាវជ្រាវរកឱ្យឃើញពីអ្នកដែលបានចាកចេញ។ ពិសេសសូមឱ្យបងប្អូនប្រជាពលរដ្ឋ កុំមានការរើសអើងចំពោះអ្នករស់នៅក្នុងរាជធានីភ្នំពេញ។ ពីព្រោះកន្លងទៅក្នុងព្រឹត្តិការណ៍ដែលឆ្លងជាសហគមន៍នៅរាជធានីភ្នំពេញ ចំនួនពីរលើក គឺបងប្អូនប្រជាពលរដ្ឋនៅតាមទីជនបទ គាត់ខ្លាចអ្នករាជធានីភ្នំពេញ។
សម្ដេចបានលើកឡើងថា, បងប្អូននៅតាមទីជនបទ ទោះបីជាគាត់មិនសូវបានពាក់ម៉ាស់ ប៉ុន្តែគាត់បានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលបានល្អ ទើបគាត់មានការព្រួយបារម្ភពីអ្នកភ្នំពេញ។ ម្យ៉ាងវិញទៀត មិនត្រូវធ្វើការរើសអើងទៅលើជនជាតិចិន ដែលបានឆ្លងកូវីដ-១៩នេះ ខណៈធ្វើតេស្តរកឃើញវិជ្ជមាន covid-19 ទៅលើជនជាតិចិននោះ៕
ដោយ៖ សិលា