ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២១ ថា, នៅរាជធានីភ្នំពេញមានករណីឆ្លងជាសហគមន៍ ក្នុងនោះគ្រាន់តែរយៈពេល ១០ ម៉ោង រកឃើញចំនួន ៣២ករណី ដែលករណីរកឃើញនេះ ចាប់ពីថ្ងៃទី ១៨-១៩ ខែកុម្ភៈ ប៉ុន្តែសម្ដេចបានចាត់ទុកថា, ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ជាព្រឹត្តិការណ៍ឆ្លងចូលជាសហគមន៍ ដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ។
តាមរយៈនៃការឆ្លងបែបនេះ សម្ដេចបង្ខំចិត្តមានវិធានការ និងចេញបទបញ្ជា ឱ្យបិទនៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ។ ក្នុងនោះតំបន់ដែលត្រូវបានបិទ និងគ្រប់គ្រងដោយសមត្ថកិច្ចអាជ្ញាធរ អនុញ្ញាតឱ្យអ្នកដែលរស់នៅទីនោះចូលទៅកាន់កន្លែងខ្លួន រស់នៅពិតប្រាកដ ប៉ុន្តែមិនអនុញ្ញាតឲ្យចេញមកខាងក្រៅវិញបាន។ ការធ្វើបែបនេះ គឺជាវិធានការទប់ស្កាត់ការរីករាលដាលពីជំងឺវីរុសកូវីដ-១៩។
សម្ដេចបានថ្លែងបន្តទៀតថា, មួយរយៈនេះមានអ្នកសុំទិដ្ឋិការ ចេញទៅប្រទេសក្រៅ ដើម្បី សំណើសុំការអនុញ្ញាតពីក្រសួងសុខាភិបាល ប៉ុន្តែការធ្វើតេស្តអ្នកទាំងនោះភាគច្រើនគឺមានវិជ្ជមានកូវីដ-១៩។ សម្ដេចសូមសរសើរដល់សមត្ថកិច្ចអាជ្ញាធរតាមព្រំដែនកម្ពុជា-ថៃ និងតាមព្រំដែនកម្ពុជា-វៀតណាម ដែលបានធ្វើការងារដ៏ល្អប្រសើរតាមបន្ទាត់ព្រំដែនក្នុងការទប់ស្កាត់ការឆ្លងដែនខុសច្បាប់។ បន្ទាប់ពីមានការឆ្លងនៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុនសែន បានបញ្ជាក់ថា , លោកអភិបាលសាលារាជធានីភ្នំពេញ បានចុះបិទក្លឹបកំសាន្តមួយចំនួនតាំងពីម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ២០២១៕
ដោយ៖ សុខ ខេមរា