យើងបានដឹងថាតំបន់ដែលត្រជាក់បំផុតគឺស្ថិតនៅប៉ូលខាងជើងផែនដី ដែលមានសមុទ្រទឹកកក ប៉ុន្តែយើងមិនបានដឹងថា តំបន់ណាដែលក្តៅជាងគេនោះឡើយ។ គ្រាន់តែដឹងថា វាលខ្សាច់រហោស្ថាន ក្តៅខ្លាំងជាងគេ។
តំបន់ដែលក្តៅជាងគេបំផុតលើភពផែនដី នោះគឺវាលរហោស្ថាន Dasht-e Lut ស្ថិតនៅក្នុងប្រទេសអុីរ៉ង់ គ្រាន់តែជាវាលខ្សាច់ធំលំដាប់ទី២៥ លើពិភពលោកប៉ុណ្ណោះ ប៉ុន្តែនេះជាវាលខ្សាច់ដែលជាប់ចំណាប់ថ្នាក់ពិភពលោកពីសីតុណ្ហភាពក្តៅបំផុតនៅទីនោះ គឺមានដល់ទៅ ៧០ អង្សាសេ។
វាលរហោស្ថាន Dasht-e Lut គឺជាវាលខ្សាច់អំបិលដ៏ធំមួយដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Kerman របស់ប្រទេសអុីរ៉ង់ Sistan និង Baluchistan ។ តាមគេហទំព័រ Oddity Central របស់អង់គ្លេស បានផ្សាយថា វាលខ្សាច់ខាងលើត្រូវបានគេហៅថាតំបន់ខ្ពង់រាបរហោស្ថាន។
ក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា វាលរហោស្ថានខាងលើគឺជា«ខ្ទះភ្លើង»នៃភពផែនដី កើតចេញពីបាតសមុទ្រ។
កាលពីរាប់លានឆ្នាំមុន ការបម្រែបម្រួលនៃផែនដី ទីនោះគឺជាសមុទ្រ ហើយដោយសារតែកម្តៅកើនឡើងរហូតមកទល់ពេលនេះ បានប្រែក្លាយតំបន់នោះទៅជាទីតាំងក្តៅបំផុតលើពិភពលោក។ វាលរហោស្ថាន Dasht-e Lut មានផ្ទៃដី 51.800 គីឡូម៉ែត្រក្រឡា ឡោមព័ទ្ធដោយភ្នំខ្ពស់ៗ បិទអាកាសធាតុសំណើម ពីសមុទ្រមេឌីទែរ៉ាណេ និងអារ៉ាប់ ចូលទៅកាន់ទីនោះបណ្តាលឲ្យក្តៅកាន់តែខ្លាំង ។
តាមម៉ាស៊ីនវ៉ា់ស់កំដៅរបស់ណាសា វាលរហោស្ថានDasht-e Lut មានសីតុណ្ហភាព ដល់ទៅ ៧០,៧អង្សាសេនៅឆ្នាំ២០០៥ ហើយតំបន់នោះបន្តរក្សាជាតំបន់ដែលមានសីតុណ្ហភាពក្តៅបំផុតលើភពផែនដី។
កត្តាមួយទៀតដែលរួមចំណែកធ្វើឲ្យកម្តៅកាន់តែខ្លាំង គឺមិនមាន រុក្ខជាតិដុះនៅទីនោះឡើយ ដោយសារតែ ដីប្រៃមិនមានដើមឈើអ្វីអាចដុះនៅទីនោះឡើយ៕ដោយ៖ធីរីណា
រូបភាព៖Wikimedia Commons
រូបភាព៖The Guardian