ព័ត៌មានទាន់ហេតុការណ៍៖

អូស្ត្រាលីចាប់ផ្តើមចាក់វ៉ាក់សាំង, អុីស្រាអែល បើកដំណើរការសេដ្ឋកិច្ចវិញក្រោយចាក់បានជាងពាក់កណ្តាល

ចែករំលែក៖

ប្រទេសសម្ព័ន្ធមិត្តដ៏ជិតស្និទបំផុតរបស់អាមេរិកនៅតំបន់អូសេអានី គឺប្រទេសអូស្ត្រាលី បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំង ប្រឆាំងកូវីដ១៩ នៅថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ២០២១។ ថ្នាក់ដឹកនាំ អូស្ត្រាលី ក្នុងនោះមាននាយករដ្ឋមន្ត្រី ជាអ្នកចាក់វ៉ាក់សាំងមុនគេក្នុងថ្ងៃដំបូង។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានចាក់វាក់សាំងកូវីដ១៩ នៅមជ្ឈមណ្ឌលសុខាភិបាល ស្ថិតនៅភាគខាងលិចទីក្រុងស៊ីដនី ។ នេះជាសកម្មភាពរបស់រដ្ឋាភិបាល ក្នុងគោលដៅទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ បានល្អបំផុត។
អ្នកដែលចាក់វ៉ាក់សាំងដំបូងគេបង្អស់នៅក្នុងប្រទេសអូស្ត្រាលី គឺ លោកយាយ Jane Malysiak អាយុ៨០ឆ្នាំ ។ អូស្ត្រាលី មានពលរដ្ឋ ២៥លាននាក់ ហើយមកទល់ពេលនេះមានករណីឆ្លងកូវីដ១៩ ជាង២៩ពាន់នាក់ និងស្លាប់ ៩០៩នាក់។
ដោយឡែកប្រទេសជាសម្ព័ន្ធមិត្តដ៏ជិតស្និទបំផុតរបស់អាមេរិកនៅគឺអុីស្រាអែលឯណោះវិញ មកទល់ថ្ងៃទី២១ខែកុម្ភៈនេះ បានចាក់ជូនពលរដ្ឋជាងពាក់កណ្តាលទៅហើយ ។ នៅពេលនេះអុីស្រាអែល ក៏បានប្រកាស បើកដំណើរការសេដ្ឋកិច្ចឡើងវិញ ក្នុងនោះមានកន្លែងកម្សាន្ត មជ្ឈមណ្ឌលពាណិជ្ជកម្ម។
ប៉ុន្តែនៅទីតាំងមួយចំនួន ដូចជាសណ្ឋាគារ រោងភាពយន្ត … អ្នកដែលមានកាតបៃតង (បញ្ជាក់ពីការចាក់វ៉ាក់សាំងរួចរាល់ទាំងពីរលើក) ទើបអនុញ្ញាតឲ្យចូល។
នាយករដ្ឋមន្ត្រីអីស្រាអែល លោក Benjamin Netanyahu បានបង្ហោះសារនៅលើបណ្តាញសង្គម twitterថា «យើងនឹងក្លាយជាប្រទេសដំបូងគេដំណើរការសេដ្ឋកិច្ច ឡើងវិញក្រោយពលរដ្ឋទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា។ អ្នកដែលមាន Green Pass និងមានជីវិត​រស់នៅធម្មតាវិញ ដោយមិនបារម្ភពីការឆ្លងរាលដាលកូវីដ ១៩ នោះឡើយ ។
អ៊ីស្រាអែល​ ជាប្រទេសមានពលរដ្ឋតែ ៩លាននាក់ប៉ុណ្ណោះ បានអនុវត្តគម្លាតសង្គមបានយ៉ាងល្អ ។ មិនតែប៉ុណ្ណោះអ៊ីស្រាអែល បានចាក់វ៉ាក់សាំងបានលឿន ជូនពលរដ្ឋ។ នៅទូទាំងប្រទេសអ៊ីស្រាអែលមានករណីឆ្លងកូវីដ ១៩ សរុប ៧៤០ពាន់នាក់ និងស្លាប់ ៥៥០០នាក់៕ ដោយ៖ធីរីណា


រូបភាព៖Reuters


ចែករំលែក៖