អ្នកដំណើរនិងក្រុមអាកាសយានិកស្ទើលួសព្រលឹងខណៈយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍United Airlines មានលេខហោះហើរ ៣២៨ ជួបឧបទ្ទវហេតុផ្ទុះម៉ាស៊ីន ធ្លាក់បំបែកលើផ្ទះពលរដ្ឋខណៈទើបតែហោះហើរបានប៉ុន្មាននាទីប៉ុណ្ណោះ។
សារព័ត៌មាន CNN បានផ្សាយថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ត្រូវវិលត្រឡប់មកអាកាសយានដ្ឋាន Denver រដ្ឋ Colorado វិញនៅថ្ងៃទី២០ខែកុម្ភៈ(ពេលវេលាក្នុងតំបន់) ដោយសារតែផ្ទុះម៉ាស៊ីន។ យន្តហោះខាងលើមានគោលដៅទៅកាន់ទីក្រុង Honolulu រដ្ឋហាវៃ ត្រូវវិលត្រឡប់មកទីកន្លែងដើមវិញនៅវេលាម៉ោង ១និង ៣០ នាទី ថ្ងៃទី២០ខែកុម្ភៈ(ពេលវេលាអាមេរិក)។
នាយកដ្ឋានគ្រប់គ្រងអាកាសចរណ៍អាមេរិក FAA បានបញ្ជាក់ថា យន្តហោះប្រភេទ Boeing 777-200 បានផ្ទុះម៉ាស៊ីននៅស្លាបខាងស្តាំ។ បំណែកនៃការផ្ទុះបានធ្លាក់មកលើផ្ទះពលរដ្ឋ នៅជិតអាកាសយានដ្ឋាន។ ប៉ុន្តែមិនបណ្តាលឲ្យចំមនុស្ស របួសឬស្លាប់នោះឡើយ ដោយខូចខាតទ្រព្យសម្បត្តិ មួយចំនួន គឺរថយន្តមួយគ្រឿងនិងដំបូលផ្ទះ។
ក្នុងពេលជួបគ្រោះថ្នាក់យន្តហោះមានអ្នកដំណើរដល់ទៅ២៤១នាក់ រួមទាំងក្រុមអាកាសយានិក១០នាក់ ។ អ្នកដំណើរមានភ័យស្លន់ស្លោរ ដែលជួបឧបទ្ទវហេតុ
បែបនេះ ប៉ុន្តែយន្តហោះបានចុះចតវិញដោយសុវត្ថិភាពមិនមានអ្នករងរបួសឡើយ។ ពេលនេះក្រុមអ្នកជំនាញកំពុងតែបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យផ្ទុះម៉ាស៊ីនបែបនេះ៕ ដោយ៖ធីរីណា