ព័ត៌មានទាន់ហេតុការណ៍៖

ល្ងាចថ្ងៃទី២១ខែកុម្ភៈ វៀតណាមរកឃើញករណី ឆ្លកូវីដ១៩ ១៥នាក់ ថៃរកឃើញ ៩២នាក់

ចែករំលែក៖

ប្រទេសជិតខាងកម្ពុជាទាំងពីរ គឺវៀតណាមនិងថៃ មានករណីឆ្លងកូវីដ១៩ ធ្លាក់ចុះប៉ុន្មានថ្ងៃចុងក្រោយនេះ ជាសញ្ញាមួយយ៉ាងល្អ ។ គិតដល់ល្ងាចថ្ងៃទី២១ខែកុម្ភៈគណៈកម្មការគ្រប់គ្រងកូវីដ១៩ វៀតណាមបានប្រកាសថា មានករណីឆ្លងកូវីដ ១៩ សរុប១៥នាក់នៅថ្ងៃនេះ គឺរកឃើញនៅខេត្តហាយយឿងទាំងអស់។ ជាមួយគ្នានេះមានអ្នកជំងឺដល់ទៅ ៩០នាក់បានព្យាបាលជាសះស្បើយវិលត្រឡប់ទៅផ្ទះវិញផងដែរ។
គិតដលម៉ោង ១៩ ថ្ងៃទី២១ខែកុម្ភៈវៀតណាម មានករណីឆ្លងសរុប ១៤៨៤នាក់ នៅក្នុងសហគមន៍ ក្នុងនោះករណីឆ្លងលើកទី៣ចាប់ពីថ្ងៃទី ២៧ខែមករា ដល់ពេលនេះមាន៧៩១នាក់។ ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ មាន ខេត្តហាយយឿង ៦១១នាក់ ខេត្តក្វាងនិញ៦០នាក់ យ៉ាឡាយ ២៧នាក់ រដ្ឋធានីហាណូយ ៣៥នាក់ ខេត្តបាក់និញ៥នាក់ បាក់យ៉ាង២នាក់ ទីក្រុងហ៊ូជីមិញ៣៦នាក់…។
ចំណែកនៅថ្ងៃនេះ គឺចាប់ពីវេលាម៉ោង ៦ព្រឹកដល់ម៉ោង ១៨យប់ មានករណីឆ្លង ១៥នាក់ក្នុងខេត្តហាយយឿង ដោយមិនមានករណីនាំចូលពីក្រៅឡើយ។
ការឆ្លងកូវីដ ១៩ ដំណាក់កាលទី៣ក្នុងសហគមន៍នៅប្រទេសវៀតណាម ជិតមួយខែកន្លងមក ដោយការរាលដាលយ៉ាងខ្លាំង ចំពេលពលរដ្ឋត្រៀមចូលឆ្នាំប្រពៃណី ។ បច្ចុប្បន្ន បណ្តាខេត្តក្រុងនានាក្នុងប្រទេសទប់ស្កាត់ការឆ្លងបានល្អ ដោយមិនមានករណីឆ្លងថ្មីឡើយ លើកលែងតែខេត្តហាយយឿង ដែលជាចំណុចចាប់ផ្តើម នៃការឆ្លងលើកទី៣ក្នុងប្រទេសនេះ។
ចំណែកប្រទេសថៃវិញនៅថ្ងៃទី ២១ខែកុម្ភៈនេះ ក្រសួងសុខាភិបាលថៃបានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ៩២ករណីថែមទៀត ដែលភាគច្រើនជារណីឆ្លងក្នុងស្រុក។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើដែលត្រូវបានរាយការណ៍ មាន៨៦ករណីជាករណីឆ្លងនៅក្នុងស្រុកផ្ទាល់ និង០៦ករណីជាករណីឆ្លង ដែលនាំចូលមកពីក្រៅប្រទេស។ ករណីឆ្លងភាគច្រើនត្រូវបានរាយការណ៍ចេញពីខេត្តចំនួន៣ គឺខេត្ត Samut Sakhon, ខេត្ត Pathum Thani និងរាជធានីបាងកក។
មកទល់ពេលនេះ ថៃបានរកឃើញករណីឆ្លងសរុបនៃជំងឺ COVID-19 ចំនួន២៥,៤១៥ករណី ក្នុងនោះករណីឆ្លងក្នុងស្រុកមានចំនួន ២២,៧១៩ករណី និង២,៦៩៦ករណីទៀតជាប្រភេទនាំចូល។ ចំណែកចំនួនអ្នកស្លាប់វិញបានកើនដល់៨៣នាក់ ខណៈដែលអ្នកជាសះស្បើយ មាន ២៤,២៨៥នាក់ និង ១,០៤៧នាក់ទៀតកំពុងបន្តទទួលបានការព្យាបាល៕ ដោយ៖ធីរីណា

រូបភាព​៖bangkok post

រូបភាព៖suckhoedoisong


ចែករំលែក៖