ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីបានចូលរួមចំណែក ក្នុងការកសាងសមិទ្ធិផលនានាក្នុងវត្តព្រះរាជាពន្លាជ័យ ដើម្បីលើកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនាមក លោក វន វណ្ណៈ និងលោក ហម រ៉ន អគ្គនាយកបុរី VIP នឹងបន្តជួយដល់វិស័យបន្តបន្ទាប់ទៀត ដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា រីកចំរើនក្នុងសម័យសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាបច្ចប្បន្ននេះ។
ក្នុងពិធីបញ្ចុះខណ្ឌសីម៉ានៅវត្តព្រះរាជាពន្លាជ័យ ហៅវត្តភ្នំពិស្ស ស្ថិតក្នុងភូមិពិស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២១ នេះមានការចូលរួមពី លោក វន វណ្ណៈ និងលោក ហម រ៉ន អគ្គនាយកក្រុមហ៊ុនបុរី VIP លោកសរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងថ្នាក់ដឹកនាំជាច្រើនផ្សេងទៀត សិស្សានុសិស្សព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមផងដែរ។
វត្តព្រះរាជាពន្លាជ័យ ហៅវត្តភ្នំពិស្ស មានប្រវត្តិគួរអោយចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែទីនោះ គឺជាដំណាក់ស្ដេចដ៏ទាក់ទាញក្នុងប្រវត្តិសាស្ត្រ។ យោងតាមរបៀបវារៈ វត្តស្តេចព្រះពន្លាជ័យភ្នំពិស្ស៍(មហានិកាយ) មានចម្ងាយ៧០គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ស្ពឺ។ វត្តនេះមានឈ្មោះដើមថា វត្តចាស់លោកធុត្តង្គភ្នំពិស្ស៍ បានកសាងកាលពីឆ្នាំ២០០០ ដោយព្រះសង្ឃមកតាដុង្គនៅទីនេះ ក្រោមការឧបត្ថមដោយពុទ្ធបរិស័ទជើងវត្ត តែសមិទ្ធិផលនៅក្នុងវត្តនេះ គឺមានតែសាលាឆាន់ប៉ុណ្ណោះ ទើបសប្បុរសជននានារួមកសាងជាវិហារ ដោយលោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុនបុរី VIP ក៏ជាសប្បុរសជនសំខាន់មួយ នៅក្នុងគម្រោងសាងសង់ព្រះវិហារនេះ និងសមិទ្ធផល មួយចំនួនទៀតផងដែរ។
វត្តចាស់លោកធុត្តង្គភ្នំពិស្ស៍នេះ កាលដើមឡើយមានស្តេចទ្រង់បោះពន្លានៅលើភ្នំនេះ ទើបវត្តនេះ ត្រូវបានប្រសិទ្ធនាមថា វត្តស្តេចព្រះពន្លាជ័យតែម្តង។ មុនឆ្នាំ១៩៧៤ ទីតាំងនេះ គឺជាកន្លែងដំណាក់ស្ដេច។ ស្ថានភាពចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ខ្មែរក្រហមបានបំផ្លាញ់អស់ហើយយកវត្តធ្វើជាទីតាំង រោងសិប្បកម្ម និងតម្បាញ។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ក្រោមការដឹកនាំរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាព្រះពុទ្ធសាសនាត្រូវបានបង្កើតឲ្យមានឡើងវិញ។ ពីឆ្នាំ២០០២ ព្រះតេជ្ជគុណព្រះនាម ព្រំ អ៊ុន ជាចៅអធិការបានកសាងសាលាឆាន់០១ ឧបត្ថម្ភដោយពុទ្ធបរិស័ទជើងវត្ត។ ក្រោយមកព្រះតេជ្ជគុណព្រះនាម បញ្ញាធរោ អង្គ តាក្រវ៉ាញ កសាងបានបន្តកសាងសមិទ្ធិផលផ្សេងៗ។
លោក វន វណ្ណៈ អគ្គនាយកក្រុមហ៊ុន បុរី VIP បានលើកឡើងថា ក្នុងនាមជាសប្បុរសជនមួយរូប និងជាអគ្គនាយកបុរីវីអាយភី(VIP) លោកមានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែកក្នុងការកសាងសមិទ្ធិផលនៅក្នុងទីអារ៉ាមនេះ។ នេះមិនមែនជាលើកទី១ទេ ដោយពេលកន្លងទៅក្រុមហ៊ុនរបស់លោកបានរួមចំណែកជួយដល់សង្គម និង ជនខ្សត់ខ្សោយជាច្រើន ជាពិសេសគឺរួមចំណែកជួយរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រោះទឹកជំនន់ ការទប់ស្កាត់ជម្ងឺកូវីត១៩ជាដើម ដោយលោកចាត់ទុកថានេះជាលទ្ធផលដែលបានពីសុខសន្តិភាព ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ជាមួយនឹងការបានរួមចំណែក ក្នុងការកសាងសមិទ្ធិផលនានា ដើម្បីលើកស្ទួយក្នុងវិស័យព្រះពុទ្ធសាសនានេះ លោកថា នឹងបន្តជួយដល់វិស័យនេះបន្តបន្ទាប់ទៀត ដើម្បីជាប្រយោជន៍ដល់ព្រះពុទ្ធសាសនា។
គួរបញ្ជាក់ថា នៅក្នុងពិធីនោះ លោកក៏បានបរិច្ចាគថវិកាមួយចំនួនផងដែរដូចជា ១.ចូលបច្ច័យបន្ថែមសម្រាប់កសាងឥន្ទកិលចំនួន ១២,០០០,០០០ រៀល ចូលបច្ច័យតាមទិសទាំង៨ ក្នុងមួយទិសថវិកា ១០០,០០០រៀល ជូនសម្ភារៈជូនប្រជាពលរដ្ឋចំនួន៣០០នាក់ ក្នុងមួយនាក់ក្រម៉ា១ សារ៉ុង១ ថវិកាមួយចំនួន ជូនសម្ភារៈសិស្សានុសិស្ស និង លោកគ្រូអ្នកគ្រូ នៅសាលាបឋមសិក្សាភ្នំពិស្ស៍ចំនួន១១៣នាក់ ក្នុងមួយនាក់សៀវភៅ ប៊ិ ខ្មៅដៃ និងថវិកាមួយចំនួន និងជួយដល់ប្រជាថវិកា ដែលសរុបជាថវិកាចំណាយនៅក្នុងថ្ងៃនោះ គឺអស់ខ្ទង់ម៉ឺនដុល្លារ៕
ដោយ៖ព្រែកសំរោង