ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌឫស្សីកែវឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឯម្នាក់ទៀតបានរត់គេចខ្លួនចូលទៅសម្ងំក្នុងលូអស់មួយយប់បន្ទាប់ពីធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់គេរួចទើបឃាត់ខ្លួនបាន(មានវីដេអូ)

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងល្បាតប៉ុស្តិ៍ឫស្សីកែវបង្រ្កាបបានជនសង្ស័យជាមុខសញ្ញាឆក់ម្នាក់ ឯបក្សពួកម្នាក់ទៀតបានរត់គេចខ្លួនចូលទៅសម្ងំក្នុងលូអស់មួយយប់បន្ទាប់ពីធ្វើសកម្មភាព (ឆក់យកទូរស័ព្ទដៃ)ពីនារីម្នាក់កាលពីថ្ងៃទី២១ ខែកុម្ភៈ នាំយក មកកាន់ប៉ុស្តិ៍ឫស្សីកែវ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១១៖៣០នាទីថ្ងៃត្រង់ នៅចំណុចផ្លូវបេតុង ក្រុមទី៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 ជនសង្ស័យទី១-ឈ្មោះ សុះ អារីហ្វីន ហៅ ខ្មៅ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវ រថភ្លើង ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (មានសារធាតុញៀន)។

ជនសង្ស័យ២-ឈ្មោះជឹម សង្វា ហៅ ម៉ូម អាយុ២៦ឆ្នាំ មុខរបរគ្មាន មានទីលំនៅមិនពិតប្រាកដ(មានសារធាតុញៀន) បានរត់គេចខ្លួនចូលទៅសម្ងំក្នុងលូអស់មួយយប់ បន្ទាប់ពីធ្វើសកម្មភាព (ឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះរួច)។

 ចំណែកជនរងគ្រោះ ឈ្មោះ ហួន សុខលឿន ភេទស្រី អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅផ្ទះលេខ១៣៩០ ផ្លូវជាតិលេខ៥ ក្រុមទី៣ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 សម្ភារដកហូតរួមមាន៖

១-ម៉ូតូ១គ្រឿ ម៉ាកហុងដាឌ្រីមC១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ កំពត១O-៨២៤៥។

២-ទូរស័ព្ទដៃ១គ្រឿង ម៉ាកOPPO S៩ ពណ៌ស្វាយ។

  លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា  នៅមុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូម៉ាកSCOOPY ពណ៌ ស ពាក់ស្លាកលេខភ្នំពេញ១BQ-១៥២៣ជិះគ្នា៣នាក់ត្រឡប់មកពីផ្សារសាំហាន់ទៅផ្ទះជិតដល់ច្រកចូលភូមិសាមគ្គី បុរីមហាសេដ្ឋី ស្រាប់តែឃើញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាក់ហុងដាC១២៥ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ១O-៨២៤៥ មកធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ ជនរងគ្រោះតែម្តង ស្របពេលកម្លាំងសមត្ថកិច្ចល្បាតមកដល់ក៏ជួយធ្វើអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់នាំមកកាន់ប៉ុស្តិ៍ ចំណែកបក្សពួករបស់គេម្នាក់ទៀតឈ្មោះ ម៉ូម បានរត់គេចខ្លួនចូលលូបាត់មួយយប់ លុះថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០២១វេលាម៉ោង១១ៈ០០នាទីនៅចំណុចកើតហេតុខាងលើសមត្ថកិច្ចយើងបានឃាត់ជនសង្ស័យបានម្នាក់ទៀតពេលជនសង្ស័យចេញពីលូហើយដែលមានឈ្មោះដូចខាងលើ។

នៅចំពោះមុខ កម្លាំងជំនាញខណ្ឌ កំពុងធ្វើការសាកសួរយកចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី និងកំពុងបន្តធ្វើការស្រាវជ្រាវតាមចាប់បក្សពួកដែលនៅសេសសល់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ចំពោះទូរស័ព្ទដៃសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញហើយ ៕ ដោយ៖ ជីណា

 


ចែករំលែក៖