ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១នេះ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញបានអញ្ជើញចុះទៅពិនិត្យ មណ្ឌលចត្តាឡីស័ក និងសួរសុខទុក្ខក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពចាក់អង្រែ ក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌ មានជ័យ តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យ ដែលបានមើលថែ និងព្យាបាល ជូនអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាក នៅទីនោះ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បាន កោតសរសើរចំពោះក្រុមគ្រូពេទ្យដែល កំពុងមើលថែនិងព្យាបាលអ្នកជំងឺកូវីដ -១៩ និងអ្នកធ្វើចត្តាឡីស័ក ដោយ យកចិត្តទុកដាក់ខ្ពស់ចំពោះ សុខុមាលភាពអ្នកជំងឺកន្លងមក ហើយ លោកក៏សូមឲ្យបន្តកិច្ចការងារនេះឲ្យបានល្អបន្ថែមទៀតដើម្បីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋយើង ។
លោកអភិបាលរាជធានីក៏បាន ណែនាំឲ្យក្រុមគ្រូពេទ្យទាំងអស់ជួយបន្ត យកចិត្តទុកដាក់ ណែនាំដល់អ្នកធ្វើចត្តា ឡីស័កឲ្យអនុវត្តវិធានសុខាភិបាល លាងដៃនឹងសាប៊ូ ជែល និងអាល់កុល ពាក់ម៉ាស់ ពិសេសអនុវត្តវិធានការពារ៣ កុំ និង៣ការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
នៅរសៀលថ្ងៃដដែលនោះ អភិបាល រាជធានីភ្នំពេញ បានបន្តអញ្ជើញទៅពិនិត្យ និងសួរសុខទុក្ខអ្នកធ្វើចត្តាឡីស័ក នៅមន្ទីរពេទ្យរុស្ស៊ី ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ៕
ដោយ៖ សំរិត