ខេត្តព្រះសីហនុ៖ គណៈកម្មការផ្សារលើក្រុងព្រះសីហនុបានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពីទទួលបានការណែនាំពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងព្រះសីហនុ អំពីការពង្រឹងវិធានការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ក្រុមការងារគ្រប់គ្រងផ្សារលើបានរៀបចំវិធានការមួយចំនួនជាចាំបាច់ដើម្បីអនុវត្តទាំងអ្នកលក់ដូរក្នុងផ្សារនិងទាំងប្រជាពលរដ្ឋជាអតិថិជនដែលមកទិញទំនិញប្រើប្រាស់ឬម្ហូបអាហារប្រចាំថ្ងៃ ក្នុងនោះនៅចំណុចច្រកចូលមុខផ្សារមានរៀបចំប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដសម្រាប់ស្គែន QR Code «ទប់ស្កាត់កូវីដ Stop Covid- មុននឹងចូលទៅក្នុងផ្សារ។ ក្រៅពីនេះ ក្រុមការងារគ្រប់គ្រងផ្សារក៏បានរៀបចំផ្សព្វផ្សាយតាមឧគ្ឃោសនស័ព្ទ ក្រើនរំលឹកដល់អ្នកលក់ដូរ ពលរដ្ឋឬអតិថិជនអំពីវិធានការសំខាន់ៗ ដាក់ចេញដោយក្រសួងសុខាភិបាល ដើម្បីការពារជំងឺកូវីដ-១៩ ដូចជាការពាក់ម៉ាស់ , ការប្រើអាល់កុលឬជែលលាងសម្អាតដៃ និងការរក្សាគម្លាតពីគ្នាជាដើម។
ចំពោះស្ថានភាពទូទៅនៅក្នុងផ្សារលើនាព្រឹកថ្ងៃទី២៥ខែកុម្ភៈ២០២១នេះ បើតាមលោករស់ សុខគីម ប្រធានគណៈកម្មការផ្សារឲ្យដឹងថា នៅមានសកម្មភាពលក់ដូរធម្មតា ប៉ុន្តែពុំមានមនុស្សម្នាច្រើនដូចកាលពីពេលមុនឡើយ ហើយចំនួនអ្នកចូលផ្សារថយចុះខ្លះនេះដោយផ្អែកលើ៖
ទី១-ពលរដ្ឋយល់ដឹងនិងចូលរួមបង្ការ ចម្លងមេរោគកូវីដ-១៩ តាមរយៈបន្ថយការធ្វើដំណើរចេញពីផ្ទះក្នុងករណីមិនចាំបាច់។
ទី២-ពលរដ្ឋភាគច្រើន បានជ្រើសរើសពេលវេលា ២ឬ៣ថ្ងៃ ទើបចូលផ្សារម្តង ដើម្បីចូលទិញសម្ភារប្រើប្រាស់ឬទិញម្ហូបអាហារ។
ទី៣-ពលរដ្ឋមួយចំនួនទៀតមិនមកផ្សារខ្លួនឯងទេ ដោយបញ្ជាទិញតាមទូរស័ព្ទ ឲ្យអ្នកលក់រៀបចំទំនិញបញ្ជូនយកទៅដល់ផ្ទះ។
ប្រធានគណៈកម្មការផ្សារលើក្រុងព្រះសីហនុសង្ឃឹមថា ស្ថានភាពធម្មតានឹងវិលត្រឡប់មកវិញឆាប់ៗនេះ ក្រោយពីការទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍ទទួលបានជោគជ័យ តាមរយៈការចូលរួមប្រុងប្រយត្ន័ពីបងប្អូនអាជីវករលក់ដូរនិងពលរដ្ឋជាអតិថិជន។
សូមបញ្ជាក់ថា បច្ចុបប្បន្ននៅខេត្តព្រះសីហនុ តាមអគាររដ្ឋបាល មន្ទីរ អង្គភាពរដ្ឋនិងឯកជន ក៍ដូចជាតាមភោជនីយដ្ឋាន អាហារដ្ឋាននានាមានរៀបចំដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid- ជាបន្តបន្ទាប់ ក្នុងនោះកន្លែងដែលពុំទាន់មានក៏កំពុងរៀបចំដាក់ឲ្យដំណើរការដូចៗគ្នា ៕
ដោយ៖ឆ្លាមសមុទ្រ