ភ្នំពេញ ៖ ជនសង្ស័យចំនួន ២នាក់បានជិះម៉ូតូធ្វេីសកម្មភាពឆក់យកទូរស័ព្ទដៃពីនារីម្នាក់បានសម្រេចហេីយព្យាយាមបង្កើនល្បឿនម៉ូតូដើម្បីគេចខ្លួនប៉ុន្តែត្រូវនារីរងគ្រោះជិះម៉ូតូដេញតាមពីក្រោយនិងស្រែកថាចោរៗ រួចហើយបើកម៉ូតូបុកផ្តួលទេីបត្រូវនគរបាលឃាត់ខ្លួនបានតែម្តង។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅ ចំណុចមុខផ្ទះលេខ៦៦ តាមផ្លូវលេខ ៣១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះជាម្ចាស់ទូរស័ព្ទឈ្មោះ សេង ស្រីនាថ អាយុ២៦ឆ្នាំ មានលំនៅក្នុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។
ចំណែកជនសង្ស័យ២នាក់ដែលត្រូវ ឃាត់ខ្លួនទី១-ឈ្មោះ ជ្រឹង ទី ភេទប្រុស អាយុ៣២ឆ្នាំ មានលំនៅពុំពិតប្រាកដ និងម្នាក់ទៀត ឈ្មោះ ឌុំ ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ មានលំនៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យ២នាក់បានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ យកទូរស័ព្ទពីនារីរងគ្រោះដែលកំពុងតែ ជិះម៉ូតូនៅតាមបណ្តោយផ្លូវលេខ៣១៧ ក្នុងសង្កាត់បឹងកក់ទី២ ។ នៅក្នុង សកម្មភាពនោះ ជនសង្ស័យឆក់បាន សម្រេច ហើយក៏ត្រូវនារីរងគ្រោះស្រែក ថាចោរៗ និងជិះម៉ូតូដេញតាម ។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា ដោយសារតែនារីម្ចាស់ទូរស័ព្ទមានចិត្តក្លាហានក៏បានបើកម៉ូតូដេញបំបុកម៉ូតូ ជនសង្ស័យបណ្តាលឱ្យដួល ធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោខំរត់គេចខ្លួន ។ ដោយមានការជួយអន្តរាគមន៍ពីកម្លាំង នគរបាលប៉ុស្តិ៍ដែលល្បាតក្នុងមូលដ្ឋាន និងកងអង្គរក្សដែលការពារភូមិគ្រឹះក្បែរ នោះដេញឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ជាបន្តបន្ទាប់នៅក្នុងសង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក ព្រមទាំង ដកហូតបានម៉ូតូម៉ាកហុងដា ពាក់ស្លាក លេខ ភ្នំពេញ ១HQ-១៧១៦ មួយគ្រឿង និងដកហូតបានទូរស័ព្ទរបស់ជនរងគ្រោះ មកវិញ តែបែកអេក្រង់ ព្រមទាំងដកហូត បានកាបូបនារីម្នាក់ដែលជនសង្ស័យបាន ធ្វើសកម្មភាពឆក់បានពីកន្លែងផ្សេងទៀត ។
តាមប្រភពពីនគរបាលបានឱ្យដឹងថា ជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូ២ គ្រឿង ដោយ២នាក់ជិះ ម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់យកទូរស័ព្ទមួយគ្រឿងពី នារីរងគ្រោះ និងម្នាក់ជាអ្នកបិទគូទ ។
ក្រោយពេលកើតហេតុ ជនសង្ស័យរួម ទាំងម៉ូតូត្រូវបាននគរបាលបញ្ចូនទៅកាន់ ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ រួចក៏បានបញ្ជូនបន្តទៅកាន់អធិការដ្ឋាន ដើម្បីសាកសួរ និងចាត់ការតាមច្បាប់ ៕ ដោយ៖សុខាសែនជ័យ