ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាតុករគាំទ្រនិងក្រុមបាតុករប្រឆាំងយោធាមីយ៉ាន់ម៉ាប៉ះទង្គិចគ្នានៅទីក្រុង Yangon

ចែករំលែក៖

នៅថ្ងៃទី២៥ ខែកុម្ភៈ មីយ៉ាន់ម៉ាមានបាតុកម្មពីរផ្សេងគ្នា ដោយបាតុករមួយក្រុមគាំទ្រយោធា និងបាតុករមួយក្រុមទៀតប្រឆាំងនឹងការដឹកនាំដោយយោធា ។ ក្រុមបាតុករ ប្រមាណ១ពាន់នាក់គាំទ្រយោធា បានប្រមូលផ្តុំគ្នានៅកណ្តាលទីក្រុង Yangon ។

ជាមួយគ្នានេះដែរ ក្រុមបាតុករប្រឆាំងការដឹកនាំដោយយោធា ក៏បានធ្វើបាតុកម្មដែរ ហើយមានការប៉ះទង្គិចគ្នាកើតឡើងនៅកណ្តាលទីក្រុង Yangon ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងពេលប៉ះទង្គិចគ្នានោះ ក្រុមបាតុករគាំទ្រយោធាបាននាំគ្នាគប់ដុំថ្ម និងប្រើចម្ពាមកៅស៊ូបាញ់ទៅលើបាតុករប្រឆាំង។ មានអ្នករងរបួសជាច្រើនក្នុងអំពើហិង្សានោះ ប៉ុន្តែមកទល់ពេលនេះមិនទាន់មាន របាយការណ៍ជាក់លាក់ណាមួយនៅឡើយទេ។

ការប្រឈមមុខដាក់គ្នា រវាងបាតុករគាំទ្រនិងប្រឆាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅ។ បាតុកម្មប្រឆាំង ការដឹកនាំដោយយោធា គឺមានការចូលរួមពីបុគ្គលិករដ្ឋាភិបាល និងក្រុមសិស្សនិស្សិតជាច្រើននៅក្នុងប្រទេសនេះ។
នៅថ្ងៃទី២៥ខែកុម្ភៈនេះដែរ ក្រុមនិស្សិតនៅទីក្រុង Yangon បានសន្យាថា នឹងធ្វើមហាបាតុកម្មនៅមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងទីក្រុង ប៉ុន្តែការធ្វើបាតុកម្មត្រូវបានកម្លាំងប៉ូលិសរារាំង ។
និស្សិតម្នាក់ឈ្មោះ Kaung Sat Wai បានឲ្យដឹងថា«ក្រុមនិស្សិតរបស់យើង នឹងលុបចេញនូវរបបផ្តាច់ការ។ ចាប់តាំងពីការធ្វើរដ្ឋប្រហារមកទល់ពេលនេះ ជីវភាពរស់នៅរបស់យើងកា្លយជាអស់សង្ឃឹម ក្តីសង្ឃឹមរបស់យើង ត្រូវបានបាត់បង់»។
គិតមកដល់ថ្ងៃទី២៤ខែកុម្ភៈ កម្លាំងសន្តិសុខ មីយ៉ាន់ម៉ា បានចាប់ខ្លួនមនុស្ស៧២៨នាក់ ដោយចោទប្រកាន់ពីបទផ្សេងៗ ៕

ដោយ៖ ធីរីណា(រូបភាព៖Reuters)


ចែករំលែក៖