ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន២,៩លានដុល្លារអាមេរិក ដល់គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC ដើម្បីគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរបស់ខ្លួន សំដៅលើកកម្ពស់ការអភិវឌ្ឍប្រកបដោយទំនួលខុសត្រូវនៅក្នុងតំបន់។
សេចក្តីប្រកាសព័ត៌មានរបស់MRCនៅ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ជំនួយនេះ សម្រាប់រយៈពេល៤ឆ្នាំ ដោយគិតចាប់ពីឆ្នាំនេះ ដល់ឆ្នាំ ២០២៤ ដើម្បីជួយបង្កើនសមត្ថភាពតាមដាន និងវាយតម្លៃបរិស្ថានទន្លេ និងសម្របទៅនឹងការប្រែប្រួលជាទូទៅរបស់ MRC និងប្រទេសជាសមាជិករបស់ខ្លួន រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។
សកម្មភាពសំខាន់ៗ គាំទ្រក្រោមជំនួយនេះ រួមមានការធ្វើឱ្យប្រសើរឡើងនូវបណ្តាញតាមដានទន្លេនិងសមត្ថភាពព្យាករក៏ដូចជាការបង្កើតនូវស្ថានីយ៍តាមដានថ្មីៗ តាមដងទន្លេមេគង្គ។ ថវិកានេះ ក៏នឹងត្រូវប្រើប្រាស់ ដើម្បីធ្វើឱ្យព័ត៌មានសាធារណៈស្តីពីទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែប្រសើរឡើង តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាទំនើប ដោយធានាថា សហគមន៍ក្នុងស្រុក និងរដ្ឋាភិបា ល ទទួលបានព័ត៌មានទាន់ពេលវេលា ដើម្បីអនុវត្តយន្តការកាត់បន្ថយផលប៉ះពាល់នានាឱ្យបានសមស្រប។
លោកបណ្ឌិត អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បាន បញ្ជាក់ថា “ថវិកាជំនួយថ្មីនេះ គឺផ្តល់ចំកន្លែងស្នូលនៃបញ្ហាដែលតំបន់យើងជួបប្រទះ ហើយក៏រំពឹងថា នឹងត្រូវប្រឈមនាពេលអនាគត”។
ទន្លេមេគង្គ និងដៃទន្លេនេះ បានផ្តល់របរចិញ្ចឹមជីវិត សន្តិសុខស្បៀង និងសេវាប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបដល់ប្រជាជន ប្រមាណ៧០លាននាក់ ដែលរស់នៅតាមដងទន្លេមេគង្គក្រោម។ បញ្ហាលំហូរទឹកទាប នៅដងទន្លេមេគង្គក្រោម កាលពីឆ្នាំ២០១៩ និងឆ្នាំ២០២០ បានធ្វើឱ្យបណ្តាប្រទេសតាមដងទន្លេមេគង្គក្រោមទាំងអស់ រងផល ប៉ះពាល់ជាច្រើន ដែលក្នុងនោះជីវភាពរស់នៅរបស់ប្រជាជនត្រូវបានរំខាន។
លោក កៃហ្សូ តាកេវាកា (Keizo Takewaka) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅប្រទេសឡាវ រំពឹងថា ថវិកាបន្ថែមនេះ នឹងជួយបង្កើនសមត្ថភាពរបស់MRC ក្នុងការផ្តល់ឱ្យសាធារណជន និងប្រទេសជាសមាជិករបស់ខ្លួននូវសេវាកម្មតាមដាន និងព្យាករទឹកទន្លេឱ្យបានកាន់តែសុក្រិត និងមានប្រសិទ្ធភាពខ្ពស់ជាងមុន។
ប្រទេសជប៉ុន គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់MRC ដែល បានផ្តល់ជាថវិកាជំនួយជាង២១លានដុល្លារអាមេរិក ចាប់តាំងពីឆ្នាំ២០០១មក ដើម្បីគាំទ្រដល់ការគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត ប្រព័ន្ធធារាសាស្ត្រ ការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងបរិស្ថាន៕
ប្រភព៖ ក្រសួងព័ត៌មាន