ព័ត៌មានទាន់ហេតុការណ៍៖

ប្រកាសចូលកាន់តំណែងជាផ្លូវការរបស់លោក ង៉ោ សុវណ្ណ ក្នុងឋានៈជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

ចែករំលែក៖

ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ប្រគល់តួនាទី និងប្រកាសចូលកាន់តំណែងជាផ្លូវការរបស់លោក ង៉ោ សុវណ្ណ ក្នុងឋានៈជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

លោក ង៉ោ សុវណ្ណា អតីតសមាជិករដ្ឋសភា ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឋានៈស្មើរដ្ឋមន្ត្រី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។

ការតែងតាំងបានធ្វើឡើងតាមការទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្តល់ឱកាសជូនលោក ង៉ោ សុវណ្ណ បានជួយបន្ថែមលើការងារគ្រោះមហន្តរាយ ដែលជាបញ្ហាប្រឈមស្រួចស្រាវមួយនៅកម្ពុជានាពេលបច្ចុប្បន្ន។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងនៅថ្ងៃនេះ លោក ង៉ោ សុវណ្ណ បានប្តេជ្ញាចិត្តខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមចំណែកលើកកម្ពស់ និងពង្រឹងការងារគ្រប់គ្រងគ្រោះមហន្តរាយ ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានសម្តែងនូវបីតិសោមនស្ស អបអរសាទរចំពោះវត្តមានរបស់លោក ង៉ោ សុវណ្ណ មកកាន់ការងារគ្រប់គ្រងគ្រោះមហន្តរាយ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងថា បញ្ហាគ្រោះមហន្តរាយនៅកម្ពុជានាពេលបច្ចុប្បន្នកាន់តែមានសភាពស្រួចស្រាវ ដែលទាមទារកម្លាំងកាន់តែច្រើន ដើម្បីរួមគ្នាដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា។

លោកទេសរដ្ឋមន្ត្រី បានចាត់ទុកវត្តមានរបស់លោក ង៉ោ សុវណ្ណ ជាកម្លាំងចលករថ្មីមួយបន្ថែមទៀត ដើម្បីឆ្លើយតបការងារគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបបញ្ហាបានកាន់តែប្រសើរជូនរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋរងគ្រោះ។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយសម្រេចបានលទ្ធផលគួរជាទីមោទន។ លោកទេសរដ្ឋមន្ត្រី បន្តថា នេះពិតជាបានចូលរួមចំណែកក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងអនាគត។

ឆ្លៀតយកឱកាសនេះ លោកទេសរដ្ឋមន្ត្រី ក៏បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន ដើម្បីជាត្រីវិស័យចង្អុលបង្ហាញ និងបំភ្លឺបន្ថែមដល់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីគ្រប់នាយកដ្ឋានយកទៅដោះស្រាយ កែលម្អ សម្របសម្រួល សហការ និងអនុវត្តភារកិច្ចឲ្យចំទិសដៅ ទាន់សភាពការណ៍ មានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធភាពខ្ពស់ស្របតាម ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ២០១៩-២០២៣៕

ដោយ៖ សិលា


ចែករំលែក៖