អន្តរជាតិ៖ បើតាមការបញ្ជាក់ពីមន្ទីរបញ្ចកោណអាមេរិក បានឲ្យដឹងថា យោធាអាមេរិកផ្លូវអាកាសបើកប្រតិបត្តិការបាញ់កម្ទេចមូលដ្ឋានកងជីវពលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងទឹកដីស៊ីរី នៅថ្ងៃទី២៥ ខែកុម្ភៈ។ ក្នុងប្រតិបត្តិការផ្លូវអាកាសនេះ នៅជិតព្រំដែនអ៊ីរ៉ាក់ និងស៊ីរី ជាការឆ្លើយតបទៅនឹងការវាយប្រហារដោយរ៉ុក្កែតរបស់កងជីវពលនៅទឹកដីអ៊ីរ៉ាក់ដែលបណ្តាលឱ្យជនស៊ីវិលអាមេរិកម្នាក់បាត់បងជីវិត ហើយធ្វើឱ្យទាហានអាមេរិក និងសម្ពន្ធមិត្តមួយចំនួនទៀតរងរបួស។
យុទ្ធនាការថ្ងៃទី២៥ ខែកុម្ភៈនៅទឹកដីស៊ីរីនេះ ជាលើកដំបូងក្នុងអាណត្តិលោក ចូ បៃឌិន ដែលយោធាអាមេរិកបានបើកការវាយប្រហារលើគោលដៅគាំទ្រដោយអ៊ីរ៉ង់។ ចំណែកក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា ពុំមែនជាការពង្រីកប្រតិបត្តិការយោធាឡើយ ប៉ុន្តែជាការបង្ហាញឆន្ទៈរបស់អាមេរិកក្នុងការការពារកងទ័ពរបស់ខ្លួនដែលកំពុងមានវត្តមាននៅអ៊ីរ៉ាក់។
បើតាមរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin ប្រាប់អ្នកកាសែតពីលើយន្តហោះក្រោយពេលការវាយប្រហារយ៉ាងដូច្នេះថា៖«ខ្ញុំមានទំនុកចិត្តចំពោះគោលដៅ ដែលយើងតាមប្រមាញ់។ យើងដឹងថាយើងកម្ទេចអ្វី»។ លោក Lloyd Austin បន្តថា គោលដៅដែលអាមេរិកវាយប្រហារ ជាទីតាំងរបស់កងជីវពលស៊ីអ៊ីតដែលប្រើប្រាស់ក្នុងការបាញ់រ៉ុក្កែតសំដៅកងទ័ពអាមេរិក និងសម្ពន្ធមិត្តកាលពីថ្ងៃទី១៥ ខែកុម្ភៈ នៅក្រុង Irbil តំបន់ពាក់កណ្តាលស្វ័យភាពដែលគ្រប់គ្រងដោយជនជាតិឃើដ។
បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby ក៏បាននិយាយថា ប្រតិបត្តិការនេះបញ្ជូនសារយ៉ាងជាក់លាក់ថា ប្រធានាធិបតី បៃឌិន នឹងចេញសកម្មភាពដើម្បីការពារពលរដ្ឋអាមេរិក និងកងកម្លាំងសម្ព័ន្ធមិត្ត។ លោកបន្ថែមថា ការវាយតបរបស់អាមេរិកគឺសមស្របដោយមិនធ្វើឱ្យស្ថានការណ៍នៅស៊ីរី និងអ៊ីរ៉ាក់តឹងតែងជាមុន និងបានពិចារណាជាមួយសម្ពន្ធមិត្តរួចរាល់អស់ហើយ។
លោក Kirby បានបន្តទៀតថា ការវាយប្រហារផ្លូវអាកាសរបស់អាមេរិក បានបំផ្លាញទីតាំងរបស់ក្រុមជីវពលស៊ីអ៊ីតនៅតាមព្រំដែនអ៊ីរ៉ាក់ និងស៊ីរីដូចជាក្រុមជីវពល Kataib Hezbollah និង Kataib Sayyid al-Shuhada ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម Hashed al-Shaabi ។ អាមេរិកចោទក្រុម Kataib Hezbollah ចំពោះការវាយប្រហារលើទាហាន និងផលប្រយោជន៍អាមេរិកក្នុងតំបន់។ អាមេរិកពុំបានប្រាប់ពីចំនួនអ្នកស្លាប់ក្នុងការវាយប្រហារនេះឡើយ។
ដោយឡែកជុំវិញករណីខាងលើនេះដែរ អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី (SOHR) បាននិយាយថា មនុស្ស១៧នាក់ស្លាប់ ដោយសារតែការវាយប្រហារសំដៅទៅលើរថយន្តផ្ទុកអាវុធចំនួន៣។ SOHR អះអាងថា មនុស្សដែលស្លាប់ទាំងអស់នោះគឺសមាជិកកងកម្លាំង Hashed al-Shaabi ដែលគាំទ្រដោយរដ្ឋាភិបាលអ៊ីរ៉ាក់ និងមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ផងដែរ។
គួរបញ្ជាក់ថា ការវាយប្រហារសងសឹករបស់អាមេរិកចំពោះក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅស៊ីរី កើតចំពេលដែលអាមេរិក និងអ៊ីរ៉ង់និយាយគ្នាមិនត្រូវ និងប្រចាំគ្នាក្នុងការគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ អាមេរិក ក៏មិនពេញចិត្តឡើយពីវត្តមាន និងការពង្រីកឥទ្ធិពលរបស់អ៊ីរ៉ង់នៅអ៊ីរ៉ាក់ ដែលពេលនេះខ្លួនមានវត្តមានកងទ័ពត្រឹមតែ២,៥០០នាក់ប៉ុណ្ណោះនៅប្រចាំការ៕ដោយ៖ស តារា
រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin
រូបភាព៖ AFP