អន្តរជាតិ៖ បន្ទាប់ពីមានអត្ថបទសារព័ត៍មានអន្តរជាតិ បានចុះផ្សាយថា ចិន បង្ហាញឆន្ទៈចង់ស្រោចស្រង់ចំណងពាណិជ្ជកម្មជាមួយអាមេរិកវិញ ប៉ុន្តែរដ្ឋមន្ត្រីរតនាគារអាមេរិក បានបញ្ជាក់ថា នៅតែរក្សាពន្ធនាំចូលលើទំនិញរបស់ចិនដដែល។
ជាក់ស្ដែងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ បេក្ខជនដឹកនាំការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai សន្យាទាមទារឲ្យចិនគោរពតាមកាតព្វកិច្ចនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្នដែលចុះហត្ថលេខាកាលពីដើមឆ្នាំ២០២០។ ការសន្យារបស់លោកស្រីTai ធ្វើឡើងក្នុងការឆ្លើយសំណួរនៅចំពោះមុខគណៈកម្មាធិការព្រឹទ្ធសភាអាមេរិក។
លោកស្រី Katherine Tai បានអះអាងនៅចំណោះមុខគណៈកម្មាធិការទទួលបន្ទុកពាណិជ្ជកម្មនៃព្រឹទ្ធសភាថា៖ នឹងប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់ ដើម្បីឱ្យចិនគោរពកាតព្វកិច្ចនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលពទីមួយ។ លោកស្រីបង្ហាញជំហរក្នុងការបន្តគោលនយោបាយពាណិជ្ជកម្មអាមេរិកទៅកាន់ចិនរបស់លោកអតីតប្រធានាធិបតីដូណាល់ ត្រាំ ប៉ុន្តែនឹងអនុវត្តគោលនយោបាយនេះឱ្យស្របតាមនីតិវិធី និងមានការពិភាក្សាពីគ្រប់ភាគីពាក់ព័ន្ធ។ នេះបើតាមសារព័ត៌មាន Bloomberg បានចុះផ្សាយ។
សូមជម្រាបថា ក្រោយដាក់ពន្ធលើទំនិញរបស់គ្នាទៅវិញទៅមក អាមេរិក និងចិនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មបណ្តោះអាសន្នមួយដែលចិនសន្យាទិញទំនិញ និងសេវាកម្មពីអាមេរិកក្នុងទំហំ២០០ពាន់លានដុល្លារសម្រាប់ឆ្នាំ២០២០ និង២០២១។ ចិន ក៏បន្ថយពន្ធនាំចូលលើទំនិញអាមេរិកដែលគិតជាទឹកប្រាក់៧៥ពាន់លានដុល្លារ ឯអាមេរិក ក៏កាត់បន្ថយពន្ធនាំចូលពីចិនក្នុងតម្លៃ១២០ពាន់លានដុល្លារផងដែរ។
បន្ថែមពីនេះ ចិនទិញបានត្រឹមតែ៦៤ភាគរយនៃផលិតផលកសិកម្ម ៦០ភាគរយនៃផលិតផលទូទៅ និង៣៩ភាគរយនៃផលិតផលថាមពល។ នេះបើតាមវិទ្យាស្ថាន Peterson ដែលព្យាករណ៍ថា ចិនត្រូវទិញយ៉ាងហោចណាស់១៧៣ពាន់លានដុល្លារទៀត ទើបអាចសម្រេចបានតាមការសន្យា។ ប៉ុន្តែគិតត្រឹមខែកុម្ភៈឆ្នាំ២០២១ ចិនទិញបានត្រឹមតែ៥៨ភាគរយ នៃទំនិញនិង សេវាដែលមានតម្លៃ២០០ពាន់លានដុល្លារតែប៉ុណ្ណោះ។
ដោយឡែកនៅក្នុងឆ្នាំ២០២០ ចិន បានទិញទំនិញពីអាមេរិកចំនួន១៣៥ពាន់លានដុល្លារ។ ប៉ុន្តែទឹកប្រាក់ចំនួន៣៥ពាន់លានដុល្លារពុំរាប់បញ្ចូលឡើយព្រោះមិនមែនជាទំនិញដែលកំណត់ក្នុងកិច្ចព្រមព្រៀង។ ក្រោមកិច្ចព្រមព្រៀងនោះ ចិនក៏សន្យានឹងអាមេរិកថា នឹងប្រយុទ្ធប្រឆាំងទៅនឹងការលួចកម្មសិទ្ធិបញ្ញាពីក្រុមហ៊ុនអាមេរិក ក៏ដូចជាការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញាឱ្យបានតឹងតែងជាមុន ហើយបើកចំហទីផ្សារក្នុងស្រុកបន្ថែមទៀត ដើម្បីឱ្យក្រុមហ៊ុនអាមេរិកអាចចូលមកវិនិយោគបន្ថែម។
ក្រៅតែពីបញ្ហានេះ លោកស្រី Tai ក៏លើកឡើងផងដែរពីបន្តដាក់ពន្ធលើទំនិញនាំចូលពីចិន។ លោកស្រីសន្យាថា នឹងស្វែងរកមូលហេតុផ្សេងទៀតក្រៅតែពីបញ្ហាសន្តិសុខជាតិ ដើម្បីការពារផលិតកម្មដែកថែប និងអាលុយមីញ៉ូមអាមេរិក។ លោកស្រីថា ការបន្ថែមពន្ធលើទំនិញនាំាំចូលជាឧបករណ៍ស្របច្បាប់ក្នុងការធ្វើពាណិជ្ជកម្ម។
ជុំវិញបញ្ហានេះដែរ បើតាមលោកស្រី Janet Yellen រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរតនាគារជាតិអាមេរិក នៅថ្ងៃទី១៨ ខែកុម្ភៈ ថ្មីៗនេះបាននិយាយថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃឌិន អនុវត្តគោលនយោបាយពាណិជ្ជកម្មដាក់ពន្ធលើទំនិញចិន ដែលដាក់ចេញដោយអតីតប្រធានាធិបតី ដូណាល់ ត្រាំ មួយរយៈសិន។ ចំណែកចិនវិញ តាមរយៈលោក Wang Wentao រដ្ឋមន្តីក្រសួងពាណិជ្ជកម្មចិន អះអាងថា ខ្លួនរំពឹងធ្វើការជាមួយអាមេរិកដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរត្រឡប់ទៅរកភាពល្អប្រសើរវិញ៕ដោយ៖ស តារា
រូបថត៖ បេក្ខជនដឹកនាំការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក លោកស្រី Katherine Tai