ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៤នាក់ ត្រូវបានសមត្ថកិច្ច ចាប់ឃាត់ខ្លួន ខណៈពួកគេខ្លាំងមែន ! ហ៊ានក្លែងហត្ថលេខា និង ត្រា របស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ខេត្កណ្តាល៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចាប់ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធបទល្មើស ក្លែងហត្ថលេខា និង ត្រា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ប្រើប្រាស់ឯកសណ្ឋានយោធាក្លែងក្លាយ ក្នុងទង្វើទុច្ចរិត ដែលត្រូវមានការផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ។

ជនសង្ស័យទាំងនោះ ត្រូវបានសមត្ថកិច្ច បញ្ជូន មកអយ្យការអមសាលាដំបូងខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ខណៈពេលនេះ លោកព្រះរាជអាជ្ញារង ឯក ស៊ុនរស្មី កំពុងសាកសួរតាមនីតិវិធី នៅឡើយ ។ មិនដឹងថា នឹងត្រូវចេញដីកាសន្និដ្ឋានបញ្ជូនឲ្យសួរ ឬមួយយ៉ាងណានោះឡើយ ។

សូមបញ្ជាក់ថាជនសង្ស័យទាំងនេះ បានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅចំណុចបឹងកញ្ច្រាំ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រាប់អង្គភាព “នគរដ្រេហ្គននិងកាសែតនគរវត្ត” ឲ្យដឹងថា, ជនសង្ស័យខាងលើទាំងបួន បានក្លែងលិខិតស្នាមពាក់ព័ន្ធនឹងឯកសារដីធ្លី ប្រមាណជិត ១០ ហិកតានៅស្រុកពញ្ញាឮ ហើយករណីនេះត្រូវបានខាងខុទ្ទកាល័យរបស់សម្ដេចប្តឹង ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងចាត់ការតាមនីតិវិធីហើយ។

ជុំវិញព័ត៌មានលម្អិតបន្ថែម អង្គភាព “នគរដ្រេហ្គននិងកាសែតនគរវត្ត” នឹងផ្សាយបន្ត នាពេលក្រោយបន្ថែមទៀត ៕

ដោយ៖ សិលា


ចែករំលែក៖