ព័ត៌មានទាន់ហេតុការណ៍៖

ខាន់ ជេមស៍ដឹកដៃកូនប្រុសចូលច្រៀងរ៉េបដំបូងទទួលបានការគាំទ្រច្រើនពីទស្សនិកជន

ចែករំលែក៖

      ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាចម្រៀង ខាន់ ជេមស៍ បានលើកឡើងថា ប៉ាច្រៀង កូនរ៉េប ជាបទចម្រៀងរបស់ខ្ញុំបាទ និងកូនប្រុសខ្ញុំ។ ទើបនឹងបញ្ចេញមិនបានប៉ុន្មានម៉ោងផង បទចម្រៀងនេះមានអ្នកចូលទស្សនារាប់សែនដងរួចមកហើយអមដោយការសាទរ និងស្វាគមន៍វត្តមានតារាចម្រៀងជំនាន់ក្រោយ។

បើកទំព័រជីវិតសិល្បៈភ្លាមកូនប្រុសតារាចម្រៀងរូបនេះបានច្រៀងរ៉េបរួមគ្នាជាមួយឪពុកក្នុងបទBoy  Loy ដែលត្រូវបានសម្រិតសម្រាំងផលិតបានយ៉ាងល្អ ខណៈដែលការច្រៀងរ៉េបរបស់ អ្នកចំរៀងវ័យក្មេងនេះធ្វើបានល្អ រហូតទទួលបានការគាំទ្រ និងកោតសរសើរច្រើនពីទស្សនិកជន។

ក្នុងនោះក៏លេចចេញការកោតសរសើខ្លាំងពីអ្នកគាំទ្រ ដែលសូម្បីតែពិធីការិនីល្បីឈ្មោះអ្នកនាង ចាន់ កែវនិមលក៏បានចែករំលែកអមដោយសារបែបលេងសើចថា “បងខាន់ជែមស៍ បទនេះសុំធ្វើFan កូនវិញហើយណា ប៉ាប៉ាហាមអន់ចិត្ត!” ទាំងបទភ្លេង ក្បាច់រាំ និងទំនុកច្រៀងរសជាតិថ្មីនេះកាន់តែធ្វើឲ្យបទចម្រៀងមួយនេះកាន់តែទាក់ទាញ។ កូនប្រុសរបស់តារាចម្រៀង ខាន់ ជេមស៍រូបនេះត្រូបានគេស្គាល់ថាឈ្មោះហ្គេត ជាកូនប្រុសទី៣ក្នុងចំណោមកូនទាំងបួនរបស់តារាចម្រៀងរូបនេះ។ នេះអាចក្លាយជារបត់ថ្មីសម្រាប់វិស័យបទចម្រៀងរបស់លោក ខាន់ ជេមស៍ លើវិស័យចម្រៀងរ៉េប ពិសេសការដឹកដៃកូនប្រុសប្រឡូកក្នុងវិស័យសិល្បៈ ដែលគេរំពឹងថាពន្លកសិល្បៈដ៏ក្មេងវ័យប្រកបដោយសមត្ថភាពទេពកោសល្យនេះនឹងក្លាយជាធនធានសិល្បករជំនាន់ក្រោយដ៏មានប្រជាប្រិយភាព ពិសេសក្រោមការបង្ហាត់បង្ហាញ និងលើកទឹកចិត្តពីឪពុកដែលជាតារាចម្រៀងល្បីឈ្មោះនៅកម្ពុជានោះ។

តាមការបញ្ជាក់របស់តារាចម្រៀងរូបនេះក៏បានលើកឡើងដែរថា លោកបានត្រៀមបញ្ចេញបទចម្រៀងថ្មីមួយចំនួនបន្ថែមទៀតដើម្បីបម្រើការកម្សាន្តរបស់ទស្សនិកជន៕

ដោយ៖ វឌ្ឍនា


ចែករំលែក៖