ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវធ្វើការស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់បន្ទាប់ពីធ្វើសកម្មភាព ឆក់យកទូរស័ព្ទដៃម៉ាកអូប៉ូ A3S បានសម្រេចហើយនាំគ្នារត់គេចខ្លួនបាន៣ថ្ងៃ នៅថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង៤៖៣០នាទីទៀបភ្លឺ ត្រង់ចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងក្រុមទី៤ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មានករណីឆក់យកទូរស័ព្ទដៃ(ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹង)បង្កឡើងដោយជនសង្ស័យចំនួន០២នាក់មាន៖
១- ឈ្មោះ រូន អារីហ្វីន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិ អ៊ិស្លាម មានទីលំនៅភូមិ១ សង្កាត់ច្រាំងចំរេះ១ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ (មានសារធាតុញៀន)។
២ – ឈ្មោះ ការីម អារីហ្វីន ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិអ៊ិស្លាមមានទីលំនៅ ភូមិ៣ សង្កាត់ច្រាំរេះ១ ខណ្ឌឬស្សីកែវមុខរបរមិនពិតប្រាកដ(មានសារធាតុញៀន)។
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា នៅ ថ្ងៃទី២៤ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង២២៖៣០នាទីយប់កន្លងមក មានករណីឆក់យកទូរស័ព្ទដៃ នៅចំណុចកើតហេតុប៉ុន្តែជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងទេ បន្ទាប់ពីបានទទួលព័ត៌មានមកសមត្ថកិច្ចខណ្ឌនិង ប៉ុស្តិ៍បានធ្វើការស្រាវជ្រាវជាបន្តបន្ទាប់លុះរហូតមកដល់ថ្ងៃទី២៧ ខែ ឆ្នាំដដែលនៅវេលាម៉ោង៤ទៀបភ្លឺទើបសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើដែលបានចេញមកធ្វើសកម្មភាពឆក់ទៀតលើកំណាត់ផ្លូវជាតិលេខ៥ លុះដល់ត្រង់ចំណុចក្រុម៤ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានជួបនិងកំលាំងល្បាតរបស់ប៉ុស្តិ៍ ក៏ធ្វើការឃាត់ខ្លួនតែម្តង។
បន្ទាប់ពីបានឃាត់ខ្លួនយកមកប៉ុស្តិ៍រដ្ឋបាលស្វាយប៉ាកធ្វើសាកសួរ ជនសង្ស័យទាំង០២នាក់បានសារភាពថាខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទពិតប្រាកដមែន ។
_ សំភារៈបាត់បង់ ទូរស័ព្ទម៉ាកអូប៉ូ A3S ។
_ សំភារៈដកហូត
_ ម៉ូតូ០១គ្រឿងម៉ាកស្កូពីពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១ AF ៥០៤៨ ។
ចំពោះមុខកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី ៕
ដោយ៖ជីណា