ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកែប ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនស្រ្តីដែលកំពុងសម្រាកសម្រាលកូន និងពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យបង្អែកខេត្តកែប

ចែករំលែក៖

ខេត្តកែប៖ រដ្ឋបាលខេត្តកែបបានអោយដឹងថា, នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ ២០២១ លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប និងលោកស្រី ស ម៉ាលីដា សោម ពិសិដ្ឋ អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកែប ដោយមានការអញ្ជើញចូលរួមអមដំណើរដោយលោកស្រីអនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកស្រីប្រធានអនុសាខាក្រុង ស្រុក និងមន្រ្តីប្រតិបត្តិ បានពាំនាំនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ដើម្បីចុះសួរសុខទុក្ខ សំណេះសំណាលជាមួយស្រ្តីដែលកំពុងសម្រាកសម្រាលកូន និងពិនិត្យផ្ទៃពោះនៅមន្ទីរពេទ្យបង្អែកខេត្តកែប ចំនួន៣៣រូប។

នៅក្នុងឱកាសនោះផងដែរ លោក បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែផ្តល់ការយកចិត្តទុកដាក់គិតគូរដល់ប្រជាពលរដ្ឋគ្រប់ៗរូបដែលជួបប្រទះនូវបញ្ហាប្រឈម ឬគ្រោះមហន្តរាយផ្សេងៗដោយមិនប្រកាន់បក្សពួក ឬនិន្នាការនយោបាយឡើយ ។ ព្រមជាមួយនេះ លោក សោម ពិសិដ្ឋ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏បានអប់រំណែនាំដល់បងប្អូនស្រ្តីដែលទើបសម្រាលកូន និងមកទទួលសេវាពិនិត្យផ្ទៃពោះនាឱកាសនេះត្រូវចេះថែរក្សាអនាម័យសុខភាពឲ្យបានល្អជាប្រចាំ ត្រូវចូលរួមពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់ការណែនាំរបស់គ្រូពេទ្យ ដើម្បីសុខភាពម្តាយ និងទាក ជាពិសេសត្រូវចូលរួមអនុវត្តឲ្យបានជាប្រចាំនូវវិធានការ ៣ការពារ និងវិធានការ ៣កុំ និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺកូវីដ-១៩៕

ដោយ៖ សិលា


ចែករំលែក៖