ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបមក លោកឧកញ៉ា លី គូង ម្ចាស់កាស៊ីណូហ័ងឡឺ ស្ថិតនៅផ្លូវ៦១០ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កម្មវត្ថុ ៖ ស្តីពីការផ្អាកជាបណ្តោះអាសន្ន កាស៊ីណូហ័ងឡឺ ស្ថិតនៅផ្លូវ៦១០ ភូមិ១ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ។
យោង៖- អនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីវិធានការចត្តាឡីស័ក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩
-តាមការចាំបាច់របស់រដ្ឋបាលខេត្តព្រះសីហនុ។
តបតាមកម្មវត្ថុ និងយោងខាងលើ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូន លោកឧកញ៉ាឱ្យបានជ្រាបថា៖ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិនឈ្មោះ LIU MENGYING អាយុ ២២ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EE6369974 ដែលធ្លាប់បានទៅលេងកម្សាន្តនៅ កាស៊ីណូហ័ងឡឺ ស្ថិតនៅផ្លូវ៦១០ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយលទ្ធផល តេស្តមាន វិជ្ជមានវីរុសកូវីដ-១៩។ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ -១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យ លោកឧកញ៉ាផ្អាកជាបណ្តោះអាសន្នកាស៊ីណូហ័ងឡឺ ជាបន្ទាន់ ដោយមិនអនុញ្ញាតឱ្យមានភ្ញៀវ ថ្មីចូលស្នាក់ នៅ លេងល្បែងកម្សាន្ត ហើយក៏មិនអនុញ្ញាតឱ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងអគារចេញ-ចូលដោយគ្មានការ អនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះយកសំណាកពីភ្ញៀវ និងបុគ្គលិកដែលបម្រើការនៅក្នុងកាស៊ីណូ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩។ ក្នុងតំណាក់កាលនេះអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងកាស៊ីណូត្រូវតែយកសំណាកតេស្ត និងធ្វើចត្តាឡីស័កគ្រប់ៗគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទរបស់កាស៊ីណូហ័ងឡឺ ស្ថិត នៅផ្លូវ៦១០ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាបណ្តោះ អាសន្ន ចាប់ពីពេលជូនដំណឹង នេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ក្នុងករណី លោកឧកញ៉ា មិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តព្រះសីហនុ នឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន។ អាស្រ័យហេតុនេះសូម លោកឧកញ៉ា អនុវត្តតាមខ្លឹមសារខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សិលា