ខេត្តមណ្ឌលគិរី៖ នៅយប់ថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០២១ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឃាត់រថយន្តដឹកឈើរបស់ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ ចំនួន ១៣គ្រឿង នៅចំណុចអូររមាស ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី សង្ស័យថាផ្ទុកលើសលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ។
រថយន្តដឹកឈើចំនួន ១៣គ្រឿងនេះ ដឹកចេញពីក្រុមហ៊ុននៅស្រុកកោះញែក ជាប្រភេទឈើអារ ដើម្បីយកទៅធ្វើការកែច្នៃនៅទីតាំងរបស់ក្រុមហ៊ុនស្ថិតក្នុងស្រុកស្នួល ខេត្តក្រចេះ។
លោក ហៀង សុភ័ក្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានបញ្ជាក់ថា, ពិតជាមានករណីឃាត់រថយន្តទាំង ១៣គ្រឿងនោះមែន ដោយខាងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តនិងក្រសួង រាយការណ៍ថា, អាចមានការផ្ទុកលើសពីលិខិតអនុញ្ញាតរដ្ឋបាលព្រៃឈើ។ លោកបន្តថា, ក្រុមហ៊ុន លឹមរ៉ូយ៉ាល់ មានច្បាប់អនុញ្ញាតត្រឹមត្រូវ ប៉ុន្តែការដឹកជញ្ជូននេះ សមត្ថកិច្ចបានរាយការណ៍មកថា, ផ្ទុកលើសប៉េសេ ដូច្នេះទាំងសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើ ត្រូវធ្វើការពិនិត្យវាស់វែង ឲ្យបានត្រឹមត្រូវ បើផ្ទុកតាមលិខិតអនុញ្ញាតនោះ គឺអនុញ្ញាតឲ្យក្រុមហ៊ុនដឹកចេញទៅទីតាំងគោលដៅរបស់ខ្លួនវិញ ហើយខាងក្រុមហ៊ុនក៏បានសហការជាមួយនឹងសមត្ថកិច្ច ជំនាញ ក៏ដូចជាខាងតុលាការផងដែរ។
តំណាងក្រុមហ៊ុនលឹមរ៉ូយ៉ាល់ បានបញ្ជាក់ប្រាប់អង្គភាព”នគរដ្រេហ្គននិងកាសែតនគរវត្ត”អោយដឹងថា,រថយន្តដឹកឈើទាំង ១៣គ្រឿងនេះ គឺមានច្បាប់អនុញ្ញាតត្រឹមត្រូវ ផ្ទុកតាមចំនួនកំណត់ដោយរដ្ឋបាលព្រៃឈើ ។ ខាងក្រុមហ៊ុនបន្តថា, ក្នុងករណីធ្វើការវាស់វែងនេះ ក៏ជាចំណុចល្អផងដែរ ដើម្បីបញ្ជាក់ថាក្រុមហ៊ុនដឹកជញ្ជូនមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងផ្ទុកតាមការកំណត់របស់ជំនាញរដ្ឋបាលព្រៃឈើ ដែលជៀសវាង មានសមត្ថកិច្ចជាច្រើនស្ថាប័នតាមដងផ្លូវ តែងតែធ្វើការឃាត់ដោយគ្មាន តួនាទីច្បាស់លាស់ រំខានដល់ការដឹកជញ្ជូនមួយរយៈកន្លងមកនេះ។
លោកបន្តថា, ឈើទាំងអស់នេះ ដឹកចេញពី ព្រៃសម្បទានរបស់ខ្លួននៅឯស្រុកកោះញែក ខេត្តមណ្ឌលគិរី និងយកទៅទុកនៅស្រុកស្នួល ខេត្តក្រចេះ ដើម្បីធ្វើការកែច្នៃ យកទៅផ្គត់ផ្គង់អោយក្រុមហ៊ុនជាដៃគូនៅខេត្តព្រះសីហនុ៕
ដោយ៖ សិលា