ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីសាលាខេត្តកំពង់ចាម៖ ករណីយកជនជាតិចិននិងខ្មែរ៥៥នាក់នៅអគារវឌ្ឍនៈក្រុងកំពង់ចាមគ្រាន់ជាករណីសង្ស័យនិងទប់ស្កាត់បង្ការប៉ុណ្ណោះគឺមិនទាន់មានពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈនោះទេ សូមកុំបារម្ភ !

ចែករំលែក៖

ខេត្តកំពង់ចាម ៖  រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជាតិ អន្តរជាតិ ពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្រុងកំពង់ចាមេត្តាជ្រាបថា ចំពោះករណីមន្ត្រីសុខាភិបាលនៃរដ្ឋបាលខេត្តចុះនាំខ្លួនជនជាតិចិន២១នាក់ និងកម្មករសំណង់ខ្មែរ៣៤នាក់ដែលកំពុងបម្រើការងារនៅអគារមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈក្រុងកំពង់ចាម ខេត្តកំពង់ចាម គឺដើម្បីយកទៅពិនិត្យសុខភាព និងយកសំណាករកវីរុសកូវីដ-១៩នោះទេ។

ពាក់ព័ន្ធនឹងករណីនេះរដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសារមានការសង្ស័យទៅលើជនជាតិចិន៨នាក់ដែលទើបនឹងត្រឡប់មកពីភ្នំពេញ ហើយមានប្រវត្តិធ្លាប់ចេញ-ចូលនៅរាជធានីភ្នំពេញ ។ ជាមួយគ្នានេះពេលដែលមន្ត្រីសុខាភិបាល បានធ្វើការសាកសួរនូវព័ត៌មានបន្ថែមពីជនជាតិចិនទាំង ៨រូបនោះ ចម្លើយរបស់ពួកគាត់មិនច្បាស់លាស់ និងមានការសង្ស័យច្រើន ។

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ និងដោយអនុវត្តយ៉ាងមុឺងម៉ាត់នូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងដើម្បីបង្ការ ការពារការចម្លងនៃវីរុសកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ចាមបានណែនាំដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំបុគ្គលិកជនជាតិចិននិងបុគ្គលិកខ្មែរដែលកំពុងបម្រើការងារនៅអគារមជ្ឈមណ្ឌលពាណិជ្ជកម្មវឌ្ឍនៈ ក្រុងកំពង់ចាម មកដាក់នៅដាច់ដោយឡែកនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ដើម្បីពិនិត្យសុខភាព និងយកសំណាក។

ដើម្បីធានាសុវត្ថិភាព និងកាត់ផ្ដាច់ខ្សែចម្លងទ្រង់ទ្រាយធំក្នុងសហគមន៍ ក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នឹងយកសំណាកពួកគាត់ទាំងជនជាតិចិនទាំង៨រូប និងជនជាតិចិនដែលធ្វើការជាប្រចាំនូវអគារវឌ្ឍនៈចំនួន ១៣រូបផ្សេងទៀត រួមនឹងបុគ្គលិកជនជាតិខ្មែរចំនួន៣៤រូប សរុប៥៥នាក់។ នៅពេលដែលរដ្ឋបាលខេត្តទទួលបានលទ្ធផលដែលបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ថាមិនមានករណីវិជ្ជមានកូវីដ-១៩  រដ្ឋបាលខេត្តនឹងអនុញ្ញាតឲ្យពួកគាត់វិលត្រឡប់ទៅបំពេញការងារតាមធម្មតាវិញ។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម សាធារណជនជាតិ អន្តរជាតិ ទទួលជ្រាបជាព័ត៌មាន ៕

ដោយ៖វណ្ណៈ


ចែករំលែក៖