ព័ត៌មានទាន់ហេតុការណ៍៖

បាតុករពីរនាក់ទៀតហើយនៅមីយាន់ម៉ា ស្លាប់ដោយការបង្ក្រាបពីកម្លាំងទាហាន

ចែករំលែក៖

បាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្តកើនឡើង ហើយចំនួនអ្នកស្លាប់ក៏បានកើនឡើងផងដែរ ។ នៅថ្ងៃទី២៨ខែកុម្ភៈ កម្លាំងប្រឆាំងបាតុកម្ម បានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកផ្សែង បំបែកបាតុករ នៅទីក្រុង Yangon ។
សារព័ត៌មានរ៉យទ័រនៅថ្ងៃទី ២៨ខែកុម្ភៈបានផ្សាយថា មានបាតុករពីរនាក់ស្លាប់ នៅក្នុងថ្ងៃទី២៨ខែកុម្ភៈ ក្រោយកម្លាំងប៉ូលិស ផ្ទុះអាវុធទៅលើក្រុមបាតុករ ។ ក្រៅពីអ្នកស្លាប់ ក៏មានអ្នករងរបួសជាច្រើនផងដែរ។
លោក Kyaw Min Htike អ្នកនយោបាយ គណបក្សសម្ព័ន្ធមិត្តជាតិ ដើម្បីប្រជាធិបតេយ្យ បានឲ្យដឹងថា ប៉ូលិសបានផ្ទុះអាវុធ នៅក្នុងស្រុក Dawei បណ្តាលឲ្យមានអ្នកស្លាប់ម្នាក់និងរបួសជាច្រើននាក់ ។ ចំណែកនៅទីក្រុង Yangon ប៉ូលិសក៏បានបាញ់ប្រហារទៅលើក្រុមបាតុករ បណ្តាលឲ្យបរុសម្នាក់ត្រូវគ្រាប់ចំទ្រូង ហើយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
បាតុកម្មប្រឆាំង យោធា អូសបន្លាយជាច្រើនសប្តាហ៍កន្លងមក ។ ពលរដ្ឋមីយ៉ាន់ម៉ា មិនអាចទទួលយកការដឹកនាំប្រទេសដោយកម្លាំងយោធាឡើយ ហើយទាមទារឲ្យដោះលែង លោកស្រី អោងសាន ស៊ូជី និង អ្នកនយោបាយ ហើយផ្តល់អំណាចឲ្យរដ្ឋាភិបាលស៊ីវិលវិញ ។
រូបភាពដែលប្រព័ន្ធផ្សព្វផ្សាយនានាបានបង្ហោះ បង្ហាញឲ្យឃើញថាមានបាតុករជាច្រើន រងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យ។ សារព័ត៌មាន Myanmar Now បានផ្សាយថា កម្លាំងទាហានបានបាញ់គ្រាប់ពិត ទៅលើបាតុករ និងគ្រាប់បែកផ្សែង ឧស្ម័នបង្ហូរទឹកភ្នែក។
នៅទីក្រុង Mandalay ជាទីក្រុងធំទីពីររបស់មីយ៉ាន់ម៉ា កម្លាំងប៉ូលិសបានបាញ់គ្រាប់ពិត ទៅលើព្រមានបាតុករ ។ កម្លាំងសន្តិសុខបាន ឡោមព័ទ្ធក្រុមគ្រូពេទ្យដែលបានចូលរួម បាតុកម្ម។ សារព័ត៌មាន MRTVបានផ្សាយថា មានបាតុករ ៤៧០នាក់ ត្រូវទាហានចាប់ខ្លួន នៅថ្ងៃទី ២៧ខែកុម្ភៈ៕ដោយ៖ធីរីណា


រូបភាព៖Reuters 


ចែករំលែក៖