ខេត្តកំពង់ចាម ៖ ក្រុមការងារនៃអធិការដ្ឋាននគរបាលស្រុកព្រៃឈរ សូមគោរពជម្រាបជូនជ្រាប និងសូមធ្វើការបដិសេធចំពោះគណនីហ្វេសប៊ុកផេក ឈ្មោះ សារព័ត៌មានជាន់ខ្ពស់ ដែលបានធ្វើការចុះផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ និងមានការចែករំលែកបន្តបន្ទាប់ដោយគណនីហ្វេកប៊ុកឈ្មោះ khmer Empire , Share Kh និង facebook page មួយចំនួនទៀត ដោយមានខ្លឹមសារទាំងស្រុងថា “គួរឱ្យសោកស្តាយណាស់! ពិធីរៀបអាពាហ៍ពិពាហ៍មួយនៅខេត្តកំពង់ចាម គ្រាន់តែកាត់សក់ហើយភ្លាម សមត្ថកិច្ចឱ្យរុះរើរោងចេញវិញភ្លាម ដោយសារតែកាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលនៅថ្ងៃនេះសមត្ថកិច្ចបានធ្វើការរុះរើរោងការមួយកន្លែង ដោយអនុញ្ញាតឱ្យរៀបចំកម្មវិធីត្រឹមតែហែជំនូន និងកាត់សក់តែប៉ុណ្ណោះដែលករណីចុះរុះរើរោងការនេះបានកើតឡើងនៅក្នុងមូលដ្ឋានភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម” ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានចាត់ក្រុមការងារ ចុះធ្វើការអង្កេតស្រាវជ្រាវចំពោះករណីខាងលើនេះ ហើយជាលទ្ធផល:
– យោងតាមការសាកសួរ និងការអះអាងពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅចំណុចភូមិឃុំខាងលើបានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី ២២ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងមកនេះ គឺមិនមានការរៀបចំពិធីមង្គលការ ឬ ពិធីជប់លៀងឡើយ ។
តាមការអះអាងរបស់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលមៀន បានបញ្ជាក់ថា នៅថ្ងៃទី ២៨ ខែកុម្ភៈឆ្នាំ ២០២១ កន្លងមកនេះ គឺមិនមានការរៀបពិធីមង្គលការនៅចំណុចភូមិត្រើង ឃុំមៀន ស្រុកព្រៃឈរឡើយ ។
ដូចបានគោរពជម្រាបជូន និងជូនជ្រាប សូមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទទួលជ្រាប និង គណនីហ្វេសប៊ុកផេក ឈ្មោះ សារព័ត៌មានជាន់ខ្ពស់, khmer Empire , Share Kh និង facebook page មួយចំនួនទៀត សូមជ្រាបជាព័ត៌មាននិងសូមឱ្យកែតម្រូវខ្លឹមសារដែលបានចុះផ្សព្វផ្សាយឡើងវិញ ៕
ដោយ៖វណ្ណៈ