ភ្នំពេញ៖ បុរសម្នាក់រួមដំណើរនឹងមនុស្សប្រុសស្រី៣នាក់ទៀត បានបើករថយន្តមួយគ្រឿងម៉ាកមីតស៊ុយប៊ីសុីចុះផ្លូវក្រោមដីរង្វង់មូលចោមចៅក្នុងល្បឿនលឿនបួងចង្កូតក្រឡាប់ផ្ងារជើងច្រងាងៗ តែសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួសនោះទេ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី២ ខែមីនាឆ្នាំ២០២១ នៅចំណុចស្ពានអាកាសក្រោមដីរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកមីតស៊ុយប៊ីស៊ីមួយគ្រឿងពណ៌សំបកឪឡឹកពាក់ស្លាកលេខភ្នំពេញ2AU-6908បើកបរដោយបុរសម្នាក់រួមដំណើរនឹងមនុស្សប្រុសស្រី៣ នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតចុះផ្លូវក្រោមដីរង្វង់មូលចោមចៅឆ្ពោះទៅផ្លូវសហព័ន្ធរុស្ស៊ីក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុពាក់កណ្តាលស្ពាន ផ្លូវកោងបួងចង្កូតក្រឡាប់ផ្ងារជើងច្រងាងៗ តែសំណាងល្អអ្នកបើកបរនិងអ្នករួមដំណើរមិនមានរងរបួសអ្វីឡើយ។ចំណែករថយន្តរងការខូចខាតស្ទើរតែទាំងស្រុង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានពិនិត្យនៅចំណុចទីតាំងកន្លែងកើតហេតុខាងលើដោយមិនមានប៉ះពាល់ដល់ស្ពាន ទើបសមត្ថកិច្ចឲ្យម្ចាស់រថយន្ដស្ទូចយកទៅជួសជុលដោយខ្លួនឯង៕
ដោយ៖សុខាសែនជ័យ