ខេត្តកំពង់ស្ពឺ៖ យ៉ាងតិចមានរថយន្តស្ទូចចំនួនពីរគ្រឿង ប្រភេទហុីយ៉ាន់ដាយ២តោនកន្លះ និង៥តោន ដឹកឈឺប្រណីត ពីសំរោង ឃុំត្រពាំងជោ និងពីតំបន់ជាំ ឃុំតាសាល ចូលមកកាន់ទីរួមស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានយ៉ាងរលូន។ ខណៈសមត្ថកិច្ច អាជ្ញាធរ ជំនាញជាច្រើនស្ថាប័ននៅទីនោះ ជាប់រវល់ភារកិច្ចធ្ងន់ធ្ងរក្នុងការទទួលទានដំណេកដ៏ស្កប់ស្កល់។
មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋបានលើកឡើងថា, ឈ្មួញឈើ(ណុប ឌី) មានឥទ្ធិពលដ៏ខ្លាំង ក្នុងការប្រមូលទិញ និងដឹកជញ្ជូនឈើក្នុងតំបន់ដែនជម្រកសត្វភ្នំឱរ៉ាល់ ។ ជាក់ស្តែងនៅវេលាម៉ោង៣និង៣៦នាទីព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ លោក ណុប ឌី បានអោយកូនចៅដឹកឈើម្រេញ ចេញពីសំរោង តាមរថយន្តស្ទួចចំណុះ៥តោន ទ្រុងពណ៌ខៀវ ក្បាលពណ៌ស និងដឹកឈើធ្នង់ពីតំបន់ជាំ ឃុំតាសាល នៅម៉ោង៤និង១៦នាទីមកដល់ចំណុច ផ្លូវបំបែកយាយទេ ទឹកពុះ តម្រង់មកចូលទីរួមស្រុកឱរ៉ាល់ ប្រកបដោយសុវត្ថិភាព តាមរថយន្តចំណុះ២តោនកន្លះ នៅចំពោះមុខសមត្ថកិច្ច និងអាជ្ញាធរ ជំនាញជាច្រើនស្ថាប័ន មានវត្តមាននៅទីនោះ។
លោក ណុប ឌី នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ខណៈកំពុងប្រមូលសមត្ថកិច្ចមកអង្គុយផឹកស៊ីក្នុងហាង ជាមួយនឹងនារីកំដរជាច្រើននាក់ , តាមទូរស័ព្ទ ជាមួយអង្គភាព”កាសែតនគរវត្ត” លោកបញ្ជាក់ថា, ពិតជាមានការចេញឈើមែននៅយប់នេះ ” ដោយលោកសូមឲ្យសមត្ថកិច្ចនៅស្ងាត់ស្ងៀមសិនទៅ ,ទុកខ្លួនធ្វើការដឹកជញ្ជូន។
ទីបំផុត ! ណុប ឌី ដឹកជញ្ជូនឈើធ្នុងនិងឈើម្រេញ បានសម្រេចដូចបំណង ។ ដោយឡែក សមត្ថកិច្ច អាជ្ញាធរ ជំនាញ ជាច្រើនស្ថាប័ន ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តិចហើបមាត់ថា, អត់មានបទល្មើសដឹកជញ្ជូនឈើទៅ ? ខណ:នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ គឺឈ្មួញឈ្មោះ ណុប ឌី ប្រមូលទិញឈើពីឃុំតាសាល ឃុំត្រពាំងជោ ដឹកផ្តាច់មុខ ពីប្រជាពលរដ្ឋចូលកាប់ក្នុងដែនជម្រកសត្វភ្នំឱរ៉ាល់ ។
លោក ណុប ឌី បានអះអាងថា, គាត់ដឹកឈើដើម្បីជួយមន្ត្រីរាជការ បើមិនដឹកតើមន្ត្រីរាជការបានអីចាយ ! គាត់អាណិតតែមន្ត្រីរាជការទេ ទើបខំដឹកដើម្បីជួយពួកគាត់ ។
ចំពោះសមត្ថកិច្ច អាជ្ញាធរ ជំនាញ ម្នាក់ៗសំងំរបៀបកន្ទេលធំបន្លំដេក ។ ជាមួយអ្នកសារព័ត៌មាន ពួកគាត់តែងលើកឡើងពីការ សហការផ្តល់ដំណឹង ដើម្បីឈានដល់ការបង្ក្រាប តែដល់ឡានឈើ លោក ណុប ឌី ដឹកចូលទីរួមស្រុក នៅសល់តែត្រឹម៧ទៅ៨គីឡូម៉ែត្រដល់ស្នាក់ការ ប៉ុស្តិ៍របស់ខ្លួន គឺម្នាក់ៗទទួលទានដំណេករៀងៗខ្លួន ទូរស័ព្ទចូលមិនលើកទាល់តែសោះ ។ បញ្ហានេះសូមលោកប្រធានមន្ទីរបរិស្ថានខេត្ត នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត មេបញ្ជាការប៉េអឹមខេត្ត លោកស្នងការខេត្ត លោកអភិបាលខេត្ត ពិចារណាផង ជៀងវាង(គេងមិនលក់ ធ្វើជាសម្រាន្តលក់) ទុកអោយសមត្ថកិច្ច អាជ្ញាធរ ជំនាញ ជាច្រើនស្ថាប័ន នៅស្រុកឱរ៉ាល់ បើកដៃអោយលោក ណុប ឌី ប្រមូលទិញឈើ ដឹកជញ្ជូនឈើ ដែលប្រជាពលរដ្ឋចូលកាប់ក្នុងដែនជម្រកសត្វភ្នំឱរ៉ាល់ តាមអំពើចិត្ត បណ្ដាលឱ្យមានការបំផ្លាញព្រៃឈើក្នុងទ្រង់ទ្រាយធំបែបនេះ។
សូមបញ្ជាក់ថា, នៅស្រុកឱរ៉ាល់ លោក ណុប ឌី មានសមត្ថភាព ក្នុងការដឹកឈើបានទាំងយប់ទាំងថ្ងៃ ទាំងឈឺអារ ឈើធ្នង់ ឈើម្រេញ ឈើរាជកុល ដែលបច្ចុប្បន្នបន្ថែមឡានស្ទូចមួយគ្រឿងទៀត គ្រប់ចំនួន ៣គ្រឿង ដើម្បីងាយស្រួលក្នុងការលើកឈើដាក់ឡានទាន់ពេលវេលា ហើយសំរុកដឹកជញ្ជូនទាំងយប់ទាំងថ្ងៃ៕
ដោយ៖ សិលា