ភ្នំពេញ៖ ម្ចាស់អាខោន facebook ឈ្មោះ (Vann Saray)និងជានិពន្ធនាយករង អង្គភាព(fresh News)ផង បានសរសេរថា, ក្រុមហ៊ុន_Unicity_បុគ្គលិករបស់អ្នកកំពុងសាងភាពឈឺចាប់ជូនគ្រួសារខ្ញុំហើយ!
លោកបន្តថា, កូនប្រុសពីរនាក់ឈ្មោះ វ៉ាន់ សុខរ៉េត និង វ៉ាន់ សុខរី ក្នុងគ្រួសារកសិករមួយពីភូមិធំ ឃុំសណ្តាន ស្រុកសំបូរ ខេត្តក្រចេះ បាននិងកំពុងរំអុកគ្រួសាររបស់គាត់ឱ្យខ្ចីបុលលុយធនាគាររហូតដល់ជាង ៣ម៉ឺនដុល្លារ ដើម្បីដាក់ទុនវិនិយោគទិញថ្នាំបំប៉នសុខភាព Unicity Unicity Cambodia យកទៅចែកចាយបន្ត។
លោកបានលើកឡើងថា, ការរំអុករបស់យុវជនទាំងពីររូបឱ្យគ្រួសារទៅខ្ចីបុលលុយធនាគារនេះ បន្ទាប់ពីក្រុមអ្នកលក់ថ្នាំ Unicity មួយរូបមានគណនីហ្វេសប៊ុក «Sum Nary Sum Nary» Sum Nary Sum Nary បានបញ្ចុះបញ្ចូលពួកគាត់ដោយអះអាងថា ការវិនិយោគនេះទទួលបានការចំណេញក្នុងរយៈពេលខ្លី។
ស្ត្រីរូបនេះអះអាងជូនពួកគាត់ថា ក្នុងទំហំទឹកប្រាក់ជាង ៣ម៉ឺនដុល្លារនេះកុមមីសសិន (commission) មកវិញប្រមាណ ៧៥០០ដុល្លារ ក្នុងរយៈពេល២០ថ្ងៃ ក្រោយការវិនិយោគ។ ស្ត្រីរូបនេះ អះអាងទៀតថា បើពួកគេមិនបានប្រាក់ commission ក្នុងរយៈពេល ២០ថ្ងៃក្រោយការវិនិយោគទេ រូបគេនិងទទួលខុសត្រូវដោយជួយលក់ឱសថ និងចំនួន៨ខែ ហើយបើមិនអស់ស្រីរូបនេះ នឹងទិញយកទាំងអស់វិញ ហើយសង់លុយជាង ៣មុឺនដុល្លារហ្នឹងមកវិញ។
ដោយទទួលស្តាប់ការបញ្ចុះបញ្ចូល និងអួតអាងរបស់ស្ត្រីរូបនេះ យុវជនជនបទគ្មានជំនាញវិជ្ជាជីវៈទាំងពីររូប ជឿស្លុង ដោយរំពឹងថា នឹងទទួលបានផលចំណេញ ឆាប់ក្លាយជាអ្នកមានកប់ក្តោងដូចសម្តីអួតអាងរបស់ស្ត្រីរូបនេះ។
យុវជនទាំងពីររូបបានទៅរំអុកឪពុកម្តាយដែលមានវ័យចំណាស់ចូល៦០ឆ្នាំ និងជំងឺប្រចាំកាយផងនោះ ឱ្យយកប្លង់ដី និងផ្ទះទៅដាក់បញ្ចាំនៅធនាគារយកលុយជូនពួកគេធ្វើការវិនិយោគ។
សម្បត្តិជាកសិករធ្លាប់កាន់តែលុយរៀលឮតែកូនតម្រូវឱ្យខ្ចីលុយដុល្លាររាប់ម៉ឺនស្ទើរគាំងបេះដូង ដោយបារម្ភខ្លាចចាញ់បោកគេមិនអាចស្វែងលុយសងធនាគារត្រូវអស់ផ្ទះអស់ជម្រក។ ចិត្តមួយទៀត បើមិនខ្ចីលុយឱ្យកូន បារម្ភខ្លាចកូនប្រុសជាទីស្រឡាញ់របស់ខ្លួនគិតខ្លីធ្វើអ្វីមួយមិនគួរគប្បី។
ម្តាយ និងឪពុក បានត្រឹមសម្រក់ទឹកភ្នែកស្វែងរកការប្រឹក្សាយោបល់ ពីបងប្អូនកូនក្មួយប៉ុណ្ណោះ។ ដោយសារជាអ្នករស់នៅ និងប្រឡូកក្នុងសង្គមបានច្រើនជាងពួកគាត់បន្តិច ខ្ញុំបានផ្តល់យោបល់ដោយមិនគួរដាក់ទុនវិនិយោគទាំងប្រថុយប្រថានលើការងារនេះនោះឡើយ។
ការផ្តល់យោបល់របស់ខ្ញុំ ត្រូវយុវជនទាំងពីរគេបកមកវិញថា ខ្ញុំមិនចេះរកស៊ីទើបនៅតែក្រ បើខ្ញុំចេះរកស៊ីមិនមែនគ្រួសារខ្ញុំ បងប្អូនខ្ញុំនៅក្រនោះទេ។ ខ្ញុំចង់ផ្តាំទៅអាប្អូនទាំងពីរថា ទោះបីបងក្រ បងប្អូនបងក្រ ក៏មិនបណ្តោយខ្លួនឱ្យចាញ់បោកក្រុមជនខិលខូចនោះឡើយ។ ទោះបីបងក្រ គ្រួសារបងក្រ ក៏មិនទៅរកស៊ីបោកប្រាស់គេ ដូចក្រុមអ្នកចង់មានខុសក្បួនខ្នាតនោះដែរ។
ស្រ្តីឈ្មោះ Sumnary នេះ បានធ្វើដំណើរទៅដល់ផ្ទះពូមីរបស់ខ្ញុំ ដែលត្រូវជាឪពុកម្តាយរបស់ វ៉ាន់ សុខរ៉េត និង វ៉ាន់ សុខរី ដោយបញ្ចុះបញ្ចូល និងបង្ខំឱ្យពួកគាត់ខ្ចីលុយពីធនាគារ ហើយទម្លាក់ចូលទៅក្នុងគណនីធនាគាររបស់គេថែមទៀតផង។
តាមរយៈសារនេះ ខ្ញុំចង់សួរទៅក្រុមហ៊ុន Unicity តើអ្នកបានបង្រៀន ឬចែងគោលការណ៍ឱ្យបុគ្គលិករបស់អ្នកទៅប្រព្រឹត្តរឿងបែបនេះដែរ? តើអ្នកយល់ថា វាជាការរកស៊ីមួយដោយសុច្ចរិតដែរឬទេ? តើអ្នកយល់ថា គារធ្វើបែបនេះ វាគប្បីដែរឬទេ?
ខ្ញុំស្នើសុំអាជ្ញាធរជួយចាត់វិធានការលើជនខាងលើនេះ ព្រោះខ្ញុំយល់ថា ជាទង្វើមួយមិនសុច្ចរិត ជាទង្វើមួយឆបោក នាំដល់ការខាតបង់របស់ក្រុមគ្រួសារសាច់ញាតិរបស់ខ្ញុំ៕
ប្រភព: facebook