ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ នាវិមានរដ្ឋសភា

ចែករំលែក៖

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូតំណាងរាជរដ្ឋាភិបាល ចូលរួមកិច្ចប្រជុំជាមួយលោកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨ និងលោក លោកស្រី ជាតំណាងគណៈកម្មការជំនាញនានានៃរដ្ឋសភា ដើម្បីការពារសេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នាវិមានរដ្ឋសភា ។

សេចក្តីព្រាងច្បាប់ខាងលើនេះមាន ៦ជំពូក និង១៨មាត្រា ដែលបានរៀបចំឡើងដោយក្រសួងយុត្តិធម៌ រួមជាមួយក្រសួងសុខាភិបាល ក្នុងបរិយាការណ៍ដែលពិភពលោកក៏ដូចជាប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងការរីករាលដាលកាន់តែខ្លាំងឡើងនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលអាចបណ្តាលឱ្យមានភាពជ្រួលច្របល់ និងមានផលប៉ះពាល់ដ៏ធំធេងលើផ្នែកសុខភាព
សាធារណៈ ពិសេសបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច សង្គមកិច្ច ថែមទៀតផង ។
ហេតុនេះហើយបានជាក្រសួងយុត្តិធម៌ និងក្រសួងខាភិបាល បានសហការគ្នាយ៉ាងស្អិតរមួត ក្នុងគោលបំណងធ្វើសេចក្តីព្រាងច្បាប់នេះ ឱ្យបានទាន់ពេលវេលា ស្របតាមសភាពការណ៍ជាក់ស្តែងក្នុងសង្គម ដើម្បីបង្កើតជាមូលដ្ឋានគតិយុត្តដ៏រឹងមាំ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ងាយស្រួលក្នុងការគ្រប់គ្រងស្ថានការណ៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

ដោយ៖ សិលា


ចែករំលែក៖